ខ្សែរថភ្លើងបាត់ដំបង-ពោធិសាត់ចាប់ផ្តើមដាក់អោយដំណើរការឡើងវិញហើយនៅព្រឹកនេះ
| ព័ត៌មានជាតិ
SHARE


បន្ទាប់ពីអវត្តមានអស់រយៈពេល១២ឆ្នាំមក ខ្សែរថភ្លើងបាត់ដំបង-ពោធិសាត់ដែលមានចម្ងាយ១០៧គីឡូម៉ែតបានចាប់ផ្តើមដាក់អោយដំណើរការឡើងវិញហើយនៅព្រឹកថ្ងៃទី២៩ឧសភានេះ។ នៅក្នុងពិធីដាក់អោយដំណើរការបណ្តោះអាសន្ននេះ ធ្វើឡើងក្រោមអធិបតីយភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងពីក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។


ខ្សែរថភ្លើងបាត់ដំបង-ពោធិសាត់មានវិសាលភាពឆ្លងកាត់ខេត្តបាត់ដំបងប្រវែង៧៥គីឡូម៉ែត និងឆ្លងកាត់ខេត្តពោធិសាត់ប្រវែង៣២គីឡូម៉ែតដោយមានស្ថានីយ៏ឆ្លងកាត់ចំនួន១៦ស្ថានីយ៏ ក្នុងនោះខេត្តបាត់ដំបងមានចំនួន១១ស្ថានីយ៏ និងខេ
នៅក្នុងពិធីបើកសម្ពោធដំណើរការខ្សែរថភ្លើងបាត់ដំបង-ពោធិសាត់ព្រឹកម៉ិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៏ថា ការបើកដំណើរការផ្លូវដែកភាគខាងរាជធានីភ្នំពេញនឹងចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ការកាត់បន្ថយចំណាយថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋដល់ទៅទ្វេដង។ ឯកឧត្តមបានបន្តថា មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុន្តែទេ ការបើកដំណើរការឡើងវិញនូវខ្សែរថភ្លើងពីភ្នំពេញទៅក្រុងប៉ោយប៉ែត នឹងជំនួសជាបណ្តើរៗពីការដឹកទំនិញដោយប្រើប្រាស់រថយន្តធំៗមកជាការប្រើប្រាស់តាមរថភ្លើងវិញម្តងដោយធ្វើអោយការចំណាយដឹកជញ្ជូនកាន់តែទាបជាងមុន និងកាត់បន្ថយបានច្រើនលើរឿងគ្រោះថ្នាក់ចរាចារណ៏។


កម្ពុជាមានខ្សែរថភ្លើងចំនួន២ខ្សែ គឺខ្សែរត់ពីភ្នំពេញទៅអូរជ្រៅខេត្តបន្ទាយមានជ័យមានចម្ងាយ ៣៨៥ គីឡូម៉ែត ត្រូវបានសាងសង់ចន្លោះឆ្នាំ១៩២៧ដល់ឆ្នាំ១៩៤២ក្នុងសម័យព្រះបាទមុនីវង្សជាសម័យដែលបារាំងបានដាក់អាណានិគមមកលើប្រទេសកម្ពុជា។ ខ្សែរថភ្លើងទី២ ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ មានចម្ងាយ ២៦៦ គីឡូម៉ែត ត្រូវបានសាងសង់នៅចន្លោះឆ្នាំ១៩៦០ ដល់ ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់ព្រះបរមរតនកោដិ ព្រះបាទសម្តេចនរោត្តមសីហនុ។
សង្គ្រាមស៊ីវិលក្នុងប្រទេស បានធ្វើអោយផ្លូវដែកត្រូវកាត់ផ្តាច់ និងក្លាយជាគោលដៅនៃការបំផ្លាញរបស់ពួកខ្មែរក្រហមជាប់ជានិច្ច។


រយៈកាលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចព្រមព្រៀមសម្បទានថ្មីមួយមានរយៈពេល៣០ឆ្នាំជាមួយក្រុមហ៊ុន Royal Railway ដែលជាផ្នែកមួយនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីធ្វើការអភិវឌ្ឍន៏ផ្លូវដែកប្រកបដោយគុណភាពខ្ពស់ជាងមុន និងបន្តប្រតិបត្តិការផ្លូវដែកដែលមានស្រាប់កាលពីឆ្នាំ២០០៩ ហើយនេះគឺជាសករាជនៃការរស់រាន និងការរីកចម្រើនឡើងវិញនៃវិស័យផ្លូវដែកនៅប្រទេសកម្ពុជា។
បន្ទាប់ពីទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Royal Railway បានបោះជំហានទៅមុខនៃគម្រោងអភិវឌ្ឍន៏របស់ខ្លួន និងសម្្រេចបាននូវលទ្ធផលជាបន្តបន្ទាប់។

នៅខែមករាឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុន Royal Railway បានសាកល្បងដាក់អោយដំណើរការរថភ្លើងដឹកអ្នកដំណើរចំនួន៣ទូរទិសដៅពីភ្នំពេញទៅស្ថានីយអូរឌឹមខេត្តព្រះសីហនុ។


នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨នេះ បានបើកដំណើរការរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួននៅកម្ពុជា។
ខ្សែរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណបានចាប់ផ្តើមបើកដំណើរការសាកល្បងនៅថ្ងៃទី៤ខែមេសាឆ្នាំ២០១៨នេះ។


ខ្សែរថភ្លើងថ្មីមានចម្ងាយ៤៨គីឡូម៉ែត្រភ្ជាប់ពីប៉ោយប៉ែតទៅក្រុងសិរីសោភ័ណទីរួមខេត្តបន្ទាយមានជ័យដែលបានផ្អាក់ដំណើរការរយៈពេល៤៥ឆ្នាំមកហើយនោះ ក៏បានបើកឲ្យសាធារណជនធ្វើដំណើរឡើងវិញ។ ខ្សែរត់ពីក្រុងសិរីសោភ័ណដល់ខេត្តបាត់ដំបងចម្ងាយ៦៥គីឡូម៉ែតក៏បានបើកដំណើរការនៅថ្ងៃទី២៩ខែមេសាកន្លងទៅនេះ។
លើសពីនេះទៅទៀត បន្ទាប់ពីផ្លូវរថភ្លើងបាត់ដំបង-ពោធិ៍សាត់ គឺមានខ្សែរថភ្លើងពោធិ៍សាត់-បាតដឹងខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការនៅខែកក្កដាខាងមុខ និងពីបាតដឹងមករាជធានីភ្នំពេញនឹងដំណើរការនៅចុងឆ្នាំ២០១៨នេះ។


មិនតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៥ ប្រទេសកម្ពុជា និងប្រទេសថៃបានព្រមព្រៀងគ្នាលើការតភ្ជាប់ខ្សែរថភ្លើងពីភ្នំពេញទៅទីក្រុងបាងកកប្រទេសថៃ ហើយតាមរយៈការតភ្ជាប់នេះ បានក្លាយជាច្រកនៃការតភ្ជាប់ខ្សែរថភ្លើងកម្ពុជាជាមួយបណ្តាញរថភ្លើងក្នុងតំបន់អាស៊ាន និងពិភពលោក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ការស្តារ និងការតភ្ជាប់ផ្លូវដែករវាងព្រំដែនកម្ពុជា-ថៃប្រវែង៦.៥គីឡូម៉ែតបានធ្វើរួចរាល់ហើយកាលពីឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ហើយគ្រោងនឹងសម្ពោធដំណើរនៅពេលខាងមុខនេះ។


ការស្តារផ្លូវដែកភាគខាងជើងនេះរបស់កម្ពុជានឹងជួយពង្រីកដល់ការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៏រវាងកម្ពុជា និងថៃ កាន់តែធំធេងឡើងជាលំដាប់ស្របពេលបច្ចុប្បន្ននេះទំនិញដែលកម្ពុជានាំចូលពីប្រទេសថៃគឺមានចំណែកដល់ទៅ៧០%ឯណោះបានឆ្លងកាត់តាមច្រកប៉ោយប៉ែត។ ហើយការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃអោយដល់ទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation