ក្រូចពោធិ៍សាត់យក្សដ៏ធំមួយនឹងបង្ហាញខ្លួនក្នុងសង្រ្កាន្តឆ្នាំថ្មីខេត្តបាត់ដំបង
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម ស រដ្ឋា បានបញ្ជាក់ថា ព្រឹត្តិការណ៍ សង្រ្កាន្ត បាត់ដំបងឆ្នាំ២០១៩នេះ ដំណើរការទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ពោលគឺនៅក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលក្នុងពេលដ៏ខ្លីខាងមុខនេះនៅមុខរូបសំណាកលោកតាដំបងក្រញូង។

ក្នុងនាមជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត បាត់ដំបង២០១៩ ឯកឧត្តម ស រដ្ឋា បានបញ្ជាក់ថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០១៨កន្លងទៅនេះទទួលបានការអបអរសាទរនិងគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្រុមយុវជន យុវវ័យទាំងក្នុងនិងក្រៅខេត្តបាត់ដំបងមកលេងកំសាន្តយ៉ាងច្រើនកុះករ មានចំនួនប្រមាណជាង៧០ម៉ឺននាក់ ហើយសម្រាប់ឆ្នាំនេះសង្ឃឹមយ៉ាងមុតមាំថាព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០១៩ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីឆាប់ៗនេះនឹងប្រព្រឹត្តិបានល្អជាងឆ្នាំមុន ដែលមានប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តចាប់ពី៧០ម៉ឺនទៅ១លាននាក់ ។

តាមរយៈនៃការធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី០៦ ខែមីនា ឯកឧត្តម ស រដ្ឋា បានបញ្ជាក់់ទៀតថា ដើម្បីឲ្យព្រឹត្តិការណ៍សង្រ្កាន្ត បាត់ដំបង២០១៩ កាន់តែមានការទាក់ទាញនោះក្រុមការងារនឹងមានការរៀបចំរូបក្រូចយក្សមួយដ៏ធំដោយយកផ្លែក្រូចរាប់ពាន់ផ្លែមកដាក់តំរៀបឲ្យក្លាយទៅជាក្រូចដ៏ធំមួយផ្លែ បន្ថែមលើរូបពោតយក្សនិងម្នាស់យក្សដែលមានពីឆ្នាំមុន និងការរៀបចំឲ្យមានការលេងល្បែង ប្រជាប្រីយ៍ ដូចជាការវាយក្អម ទាញព្រាត់ ចោលឈូង លាក់កន្សែង ស្តេចចង់់ និងការប្រគំតន្ត្រីខ្នាតយក្សនៅពេលរាត្រី និងពេលថ្ងៃការប្រគំតន្ត្រីស្រុកស្រែបន្ថែមទៀត ជាពិសេសការតាំងពិព័រណ៌ផលិតផលកសិកម្មរបស់ខ្មែរដែលផលិត បានពីប្រជាកសិករនៅតាមស្តង់ នៃស្រុក ក្រុងទាំង១៤របស់ខេត្តបាត់ដំបងផងដែរ ។

ស្របគ្នានេះ អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះរដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមានជ័យ និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនខេត្តបាត់ដំបងនិងក្រុមការងារ មហាគ្រួសារសហភាពសហព័ន្ធយុវជនខេត្តបាត់ដំបងទាំងអស់ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបងនេះឡើង នៅលើទឹកដីនៃខេត្តបាត់ដំបង ក្នុងការបង្កឱកាសនៃភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយមិនត្រឹមតែប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញខេត្តបាត់ដំបង ដូចជាខេត្តពោធិសាត់ ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក៏ទទួលបានការសប្បាយរីករាយសង្រ្កាន្តបាត់ដំបងនេះផង៕អត្ថបទ ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation