សម្ដេចក្រឡាហោម៖ បច្ចេកវិទ្យាដើរលឿនយ៉ាងណាក៏ដោយ មិនអាចជំនួសគ្រូបង្រៀនបានឡើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល ដើរលឿនយ៉ាងណាក៏ដោយ គ្រូបង្រៀននៅតែមានតួនាទីសំខាន់ ហើយមិនអាចជំនួសគ្រូបង្រៀនបានឡើយ ជាពិសេស គ្រូបង្រៀនមាន សមត្ថភាព និងវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងដំណើរការបង្រៀន ក្នុងថ្នាក់តាមការពន្យល់មេរៀន។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ក្រោយពីប្រជាជនភាគច្រើនជាយុវជន កំពុងត្រូវការសេវាអប់រំកម្រិតខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស។

ក្នុងពិធី អបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល” នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះនៅវិទ្យាស្ថានជាតិអប់រំ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាត គឺឆ្លើយតបនឹងបរិបទដ៏រស់រវើកនេះ ក៏ដូចជាគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ច ឌីជីថលកម្ពុជា។

សម្ដេចបន្ដថា ម៉្យាងវិញទៀត ដោយសារវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថលមានសន្ទុះលឿន ដូច្នេះប្រទេសកម្ពុជាត្រូវ ពិនិត្យឡើងវិញ និងរៀបចំប្រព័ន្ធនៃការអប់រំ ការបណ្តុះបណ្តាល និងការ បញ្ហាបការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលឲ្យបានឆាប់ និងមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យយុវជន ជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងទីផ្សារ ឌីជីថល។

សម្ដេចបន្ថែមថា ជាពិសេស សមត្ថភាព បច្ចេកវិទ្យា និង ឌីជីថលរបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ណាស់ ក្នុងខណៈដែលសាលារៀន បន្ទប់រៀន និងហេដ្ឋារចនាសម្ព័ន្ធអប់រំដទៃទៀត ត្រូវបានបំពាក់ដោយឧបករណ៍ បច្ចេកវិទ្យាទំនើបៗ ដើម្បីបំពេញសេចក្តីត្រូវការរៀនសូត្រតាមបែបឌីជីថល ដូចជា បន្ទប់រៀន វៃឆ្លាត បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បណ្ណាល័យ ទំនើប និងការប្រើប្រាស់ អ៊ិនធើណិត ជាដើម។

សម្ដេចមានប្រសាសន៍ថា “ថ្វីបើ បច្ចេកវិទ្យាដើរលឿនយ៉ាងណាក៏ដោយ គ្រូបង្រៀននៅតែមានតួនាទីសំខាន់ ដែល បច្ចេកវិទ្យាមិនទាន់អាចជំនួសបាននៅឡើយ ជាពិសេស សមត្ថភាព និងវិជ្ជាជីវៈរបស់គ្រូបង្រៀន ក្នុងការគ្រប់គ្រងដំណើរការបង្រៀនក្នុងថ្នាក់ ការពន្យល់មេរៀន ការលើកឧទាហរណ៍ និងការ គ្រប់គ្រងសណ្តាប់ធ្នាប់នៃការរៀនសូត្រ និងវិធីសាស្រ្តបង្រៀនសម្រាប់សតវត្សទី ២១ នេះ ដែល ផ្តោតលើការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងវិធីសាស្ត្រដទៃទៀត”។

បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា ប្រទេសកម្ពុជាក៏ត្រូវពិនិត្យឡើងវិញនូវការគាំទ្រ និងតម្រង់ទិសនៅ កម្រិតឧត្តមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញ របស់ធនធានមនុស្សនៅកម្ពុជា ឱ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេស ការពង្រឹង សហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ច ថ្មីៗ៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation