ទិវាមនុស្សចាស់នៅខេត្តស្ទឹងត្រែងប្រារព្ធឡើងក្រោមប្រធានបទ«គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកាត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំទ្រសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ នៅបរិវេណពហុកីឡដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងបានរៀបចំទិវាមនុស្សចាស់កម្ពុជាដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់អន្តរជាតិលើកទី២១ និងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាពលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឲ្យកាន់តែប្រសើឡើង។

ទិវាមនុស្សចាស់ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងប្រារព្ធឡើងនាពេលនេះបានប្រព្រឹត្តទៅក្រោមអធបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ និងចាស់ជរា ចំនួន៣០០នាក់។

លោក ស៊ា គឹមសែ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២១នេះ ជាការបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំងបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាដល់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។

ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងបន្តថា ទិវាមនុស្សចាស់នេះក៏ជាការលើកម្ពស់ការយកចិត្តទុកដាក់ នូវសុខុមាលភាព ចំពោះមនុស្សវ័យចាស់នៅកម្ពុជាស្របតាមរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សអន្តរជាតិជាទិវារំលឹកដល់គុណូបការៈដល់មនុស្សវ័យចាស់។លោកបញ្ជាក់ថា ដើម្បីងាយស្រួលគ្រប់គ្រងនិងលើកកម្ពស់សុខុមាលភាពមនុស្សចាស់ក្នុងខេត្តមន្ទីរបានបង្កើតសមាគមមនុស្សចាស់ក្រោយពីមានកិច្ចសហការពីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងភូមិ ដោយបានជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់ឃុំសង្កាត់បានចំនួន៣៥សមាគម ដែមានសមាជិកសរុប២.៦៥៤នាក់ ស្រី១.៣៩៤នាក់។

បន្ទាប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងមនុស្សចាស់អន្តជាតិលើកទី២១រួចមក ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ការរៀបចំទិវាមនុស្សចាស់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើមនុស្សវ័យចាស់ ពិសេសលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឲ្យកាន់តែប្រសើឡើង និងលើកកម្ពស់គុណតម្លៃរបស់មនុស្សចាស់ឲ្យក្មេងជំនាន់ក្រោយបានមើលពីតម្លៃឥតគណនារបស់មនុស្សចាស់ ។

ឯកឧត្តម ម៉ុម សារឿន បន្ថែមថា មនុស្សចាស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនដូចពេលបច្ចុប្បន្នតាមរយៈការ ការផ្តល់ចំណេះដឹង និងបទពិសោធយ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយបានរៀនសូត្រនិងយកទៅអនុវត្តតាម។

នាឱកាសនោះឯកឧត្តម អភិបាលខេត្តបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបីបាច់ថែរក្សានិងផ្តល់តម្លៃដល់មនុស្សចាស់ ដែលបុព្វការីរបស់យើង។ ឆ្លៀតឱកាសនោះឯកឧត្តមបានចែកនូវវត្ថុអនុស្សាវរីយ៍រួមមានមី១កេស ភួយ១ ស្កសរ១គីឡូក្រាម ទឹកត្រី និងទឹកត្រីខ១យួ៕ដោយ៖ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation