រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ពីអត្ថប្រយោជន៍នៃកម្មវិធីរេដបូក ដល់ការងារបញ្ឈប់ការបាត់បង់ព្រៃឈើ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៦ កម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីរេដបូក (REDD+) គឺជាយន្តការហិរញ្ញប្បទានអន្តរជាតិមួយ ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដើម្បីលើកទឹកចិត្តប្រទេសកំពុងអភិវឌ្ឍន៍ សម្រាប់ការងារបញ្ឈប់ការបាត់បង់ព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។

ការអនុវត្តកម្មវិធី REDD+ បានផ្តល់អត្ថប្រយោជន៍មកវិញនូវថវិកា និងបច្ចេកទេសក្នុងការការពារ និងអភិរក្សធនធានធម្មជាតិមកដល់កម្ពុជាជារួម និងជាពិសេសដល់សហគមន៍ក្នុងតំបន់ការពារធម្មជាតិដែលចូលរួមក្នុងការអនុវត្តកម្មវិធីដោយផ្ទាល់។

រហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបានសហការជាមួយអង្គការ Wildlife Conservation Society (WCS) ក្នុងអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា សម្រាប់រយៈពេល ៥ឆ្នាំ (២០១៦-២០២០) និងជាមួយអង្គការ Wildlife Alliance (WA) ក្នុងអនុវត្តគម្រោងរេដបូកនៅក្នុងនៅឧទ្យានជាតិក្រវ៉ាញខាងត្បូងសម្រាប់រយៈពេល ៣ឆ្នាំ (២០១៧-២០១៩) តាមរយៈការលក់កាបូន ដោយទទួលបានថវិកាសរុបប្រមាណជា ៩,៥លានដុល្លារ។

ថវិកាទាំងនេះ ត្រូវបានបែងចែកប្រកបដោយតម្លាភាព និងមានការគិតគូរយ៉ាងច្បាស់លាស់ ដោយថវិកាមួយភាគធំត្រូវបានបង្វែរដើម្បីធានាសកម្មភាពអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិទាំងពីរខាងលើ។ ចំណែកថវិកាដែលនៅសល់ត្រូវបានយកមកប្រើប្រាស់សម្រាប់ការងារគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងអភិវ្ឍដោយចីរភាពជារួម។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏បានសហការជាមួយអង្គការអភិរក្សអន្តរជាតិ និងក្រុមហ៊ុនឯកជនមួយចំនួន និងបន្តស្វែងរកដៃគូសហការប្រកបដោយសក្តានុពល ដើម្បីសិក្សាលទ្ធភាពនៃការលក់កាបូននៅក្នុងតំបន់ការពារធម្មជាតិផ្សេងៗទៀតផងដែរ។

ជោគជ័យ ដែលទទួលបានពីការអនុវត្តកម្មវិធីនេះ បានបង្ហាញឱ្យយើងឃើញអំពីសារៈសំខាន់នៃការងារអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលជាប្រភពមូលនិធិសម្រាប់ការងារអភិវឌ្ឍមួយប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប និងគ្រប់ជំនាន់។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation