សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រកាសសេចក្តីថ្លែងការណ៍រួមស្ដីអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ច
| ព័ត៌មានជាតិ
SHARE

វៀតណាម៖បន្ទាប់ពីអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗមួយចំនួននោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា- វៀតណាម សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន សួនហ្វុក បានអញ្ជើញថ្លែងសេចក្តីប្រកាសព័ត៌មានរួមស្តីពីជំនួបពិភាក្សាទ្វេភាគី និងលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនេះ។

ថ្នាក់ដឹកនាំទាំងពីរ បានសំដែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលវិជ្ជមាន និងមានសារៈសំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់សម្តេច និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ។

ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមានិងការបោះបង្គោលព្រំដែនគោកដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ ៨៤% និងបានបញ្ជាក់សាជាថ្មីថាសកម្មភាពនេះបានរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្ដីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ចនិងសង្គម ដែលកម្ពុជា និងវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើតការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋដែលរួមចំណែកដល់ការបន្តពង្រីកពង្រឹងតួនាទីនិងជំហររបស់ខ្លួននៅក្នុងតំបន់ ​និងនៅលើពិភពលោក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅថែមទៀតតាមរយៈការបង្កើនការផ្លាស់ប្ដូរទស្សនកិច្ចនិងទំនាក់ទំនងកម្រិតខ្ពស់រក្សានូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ពង្រឹងការផ្លាស់ប្ដូររវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារៈសំខាន់រវាងក្រសួង/ស្ថាប័នពាក់ព័ន្ធនិងខេត្តនៃប្រទេសទាំងពីរក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីរក្សានូវសន្តិភាពនិងសន្តិសុខរួម ជាពិសេសនៅតាមបណ្ដាលព្រំដែននៃប្រទេសទាំងពីរព្រមទាំងបន្តរក្សាគោការណ៍នៃការមិនអនុញ្ញាតឲ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខនិងស្ថិរភាពរបស់ប្រទេសមួយទៀត។

ដោយទទួលស្គាល់នូវកាលានុវត្តភាពដ៏ល្អប្រពៃសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគនៃប្រទេសជិតខាងភាគីពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរទៅជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរតាមរយៈការបញ្ចប់ឲ្យបានឆាប់នូវផែនការមេ​ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាវៀតណាមរហូតដល់ឆ្នាំ ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួមស្ដីពីការតភ្ជាប់ការដឹកជញ្ជូនរួមទាំងអនុស្សរណៈយោគយល់គ្នាស្តីពីយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុវិស័យឆ្នាំ ២០៣០។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពរក្សាកំណើនសេដ្ឋកិច្ចនៅឆ្នាំបន្តបន្ទាប់ទៀតតាមរយៈការលើកកម្ពស់វិធានការជំរុញពាណិជ្ជកម្មនិងការគាំទ្រសហគ្រាសរបស់ខ្លួនក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជំរុញវិនិយោគនិងពាណិជ្ជកម្ម​ ផ្សារណាត់ និងការតាំងពិព័រណ៍នៅក្នុងប្រទេសនីមួយៗ។

ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ កសិកម្មប្រើបច្ចេកវិទ្យាទំនើប កសិកម្មនិងការច្នៃផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ និងការថែទាំសុខភាពជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation