ឯកសារសំខាន់ចំនួន៧ នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ទៅកាន់វៀតណាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក ​នាយករដ្ឋមន្ត្រីវៀតណាម, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។


បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ​​ដំណើរទស្សនកិច្ចរយៈពេលពីរ ពោលគឺ​ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលានេះ, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម។ ​


ក្នុងឱកាសបំពេញទស្សនកិច្ចនេះ, សម្តេចតេជោ និងឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម នឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន៧ ដែលគ្រប់ដណ្តប់លើវិស័យជាច្រើន ក្នុងនោះ មានការផ្តល់ជំនួយ សាងសង់អគាររដ្ឋបាលថ្មីរបស់សភា, ជំនួយសាងសង់អគារ សម្រាប់ព្យាបាលអ្នកញៀនថ្នាំ នៅខេត្តព្រះសីហនុ, កិច្ចព្រមព្រៀងក្នុងការជំរុញពាណិជ្ជកម្ម និងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឲ្យ​ពាណិជ្ជកម្ម តាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ, អនុស្សរណៈក្នុងការជួយគ្នាក្នុងវិស័យគយ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល។


អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ​ក្នុងឱកាសនេះ រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អភិបាលខេត្តចំនួន១០ ដែលជាប់ព្រំដែនជាមួយវៀតណាម និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។


​សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើជាសហប្រធាន ​ក្នុងសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ខណៈបច្ចុប្បន្នការងារខណ្ឌសីមា ព្រំដែន រវាងប្រទេសទាំងពីរ សម្រេចបាន៨៤%ហើយ។
 
សូមរំលឹកថា កម្ពុជា-វៀតណាម ​មានព្រំប្រទល់រួមគ្នា ប្រវែងប្រមាណ១,២៧០គីឡូម៉ែត្រ។ ​​ទំនាក់ទំនងពាណិជ្ជកម្ម​ប្រទេសទាំងពីរ​ នៅឆ្នាំ២០១៨ ​បានកើនឡើងដល់ ៤.៧ពាន់លានដុល្លារអាមេរិកអាមេរិក។ កម្ពុជា និងវៀតណាម គ្រោងជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក៕អត្ថបទ ៖ សន ពិសិដ្ឋ​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation