ច្រកទ្វារព្រំដែនអន្ដរជាតិ កម្ពុជា-ឡាវ នឹងបើកបន្ថែមទៀត សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មផ្សេងៗ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិ កម្ពុជា-ឡាវ និងបើកបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ខណៈបច្ចុប្បន្នកម្ពុជា-ឡាវ មានច្រកអន្ដរជាតិរួមគ្នាតែមួយប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

​ឧត្តមសេនីយ៍ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីចុះហត្ថលេខា លើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ រវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Vilay Lakhamephong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅទីស្តីការក្រសួងមហាផ្ទៃ បានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្ដរជាតិថ្មី ដែលភាគីកម្ពុជា-ឡាវ កំពុងសិក្សារួមគ្នា នេះ អាចនឹងបើកនៅខេត្តរតនគិរី ឬខេត្តស្ទឹងត្រែង​ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ឧត្តមសេនីយ៍ឯក ផាត សុផានិត បានឲ្យដឹងទៀតថា «ភាគីទាំងពីរបានឯកភាពធ្វើយ៉ាងណា ពិនិត្យលទ្ធភាពដើម្បីពង្រីកការបើកច្រកទ្វារព្រំដែនបន្ថែមទៀត លើកកម្ពស់ការផ្ដាស់ប្ដូររវាងប្រជាជន និងប្រជាជន សម្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលនេះជាទិសដៅសំខាន់ លើកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា»។

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រូបនេះក៏បានអះអាងទៀតថា ក្រៅពីឯកភាពគ្នារឿងការបើកច្រកទ្វារព្រំដែនហើយនោះ កម្ពុជា-ឡាវ ក៏បានប្ដេជ្ញាចិត្តរួមគ្នាផងដែរ លើការបង្ការ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា​ មិនបញ្ហាគ្រឿងញៀនមកគ្រប់ដណ្ដប់លើប្រជាជននោះឡើយ។

ឧត្តមសេនីយ៍ឯក ផាត សុផានិត បានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ឡាវ នៅតែបន្ដសន្យាជាមួយគ្នា ខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតឡើងនៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយ ក្នុងន័យរក្សាសុវត្ថិភាពជូនជាតិ និងប្រជាជនផងដែរ។

លើសពីនេះ អាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ក៏នៅតែបន្ដរក្សាកិច្ចសហប្រតិបត្តិការល្អប្រសើរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ផ្លាស់ប្ដូរគណៈប្រតិភូ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ ពិសេសអនុវត្ត ទៅតាមអ្វីដែលបានព្រមព្រៀងគ្នា នៅក្នុងកំណត់ហេតុ​ដែលបានចុះហត្ថលេខារួចរាល់ហើយនេះ៕

អត្ថបទឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation