ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន
| ព័ត៌មានជាតិ
SHARE

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។


នៅអាកាសយានដ្ឋានអន្តរជាតិ ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរនៅរសៀលថ្ងៃនេះ មានការអញ្ជើញទទួលព្រះរាជដំណើរពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិកម្ពុជា ក្នុងនោះរួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងព្រះញាតិវង្ស។


សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពជាលើកទី២នៅទីក្រុងប៉េកាំង សម្រាប់ឆ្នាំ២០១៩នេះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ ក្នុងកំលុងពេលគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេលជាងមួយខែនេះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ទទួលបានព្រះរាជបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់របស់ចិន និងបានយាងព្រះអង្គចូលរួមក្នុងកម្មវិធីផ្សេងៗ។ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តស៊ីឈួន និងខេត្តឆុងឈីង។ ព្រះអង្គបានយាងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តទាំងពីរនេះ ដោយមានព្រះសវនាការពាក់ព័ន្ធនឹងការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងខេត្តទាំងពីរជាមួយនឹងកម្ពុជា។


ក្រៅពីនេះ អង្គព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ត្រូវបានផ្តល់ព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តមពីសំណាក់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង យាងចូលរួមក្នុង ពិធី លៀង សាយភោជន៍ នៅ វិមាន សភា ប្រជាជន ចិន ក្នុងរដ្ឋធានីប៉េកាំង ដេីម្បី អបអរសាទរ ខួប លេីក ទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕អត្ថបទ លោក ហ៊ន សុភ័ក្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation