រដ្ឋសភា ជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី១រូប ជំនួសឯកឧត្តម មឹន ស៊ាន ដែលបញ្ចប់អាណត្តិ
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី៥ខែមីនានេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី១រូប ជំនួសឯកឧត្តម មឹន ស៊ាន ដែលបញ្ចប់អាណត្តិ។

ក្រុមប្រឹក្សាធម្មនុញ្ញគឺជា ស្ថប័ន កំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋ ធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើស តាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១ រូប និងសមាជិកចំនួន ៨រូប ។ ប្រធានត្រូវបានជ្រើសតាំងតាមការ បោះ ឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត រៀងរាល់បីឆ្នាំម្តង ក្រោយពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។

ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើ នឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ ៩ ឆ្នាំ ប៉ុន្ដែសមាជិកចំនួន ៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ ក្នុងអាណត្ដិទី១ ត្រូវបានតែងតាំង ឬជ្រើសតាំងសមាជិក ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។ សមាជិក ៣រូបតែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង ៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬ ជ្រើសតាំងពីចំណោមឥស្សរជន ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ និង មានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅ ក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច ។

ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយ មកពិនិត្យដោយខ្លួនឯងបានឡើយ ។ មានតែព្រះមហា ក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុម ប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន៕អត្ថបទ៖ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation