មេធាវីតេជោសែន ប្រមាណ៦០នាក់ ត្រៀមរួចហើយ ដើម្បីចេញដោះស្រាយបញ្ហាស្រ្តីក្រីក្រ
| ព័ត៌មានជាតិ
SHARE

ថ្លែងនៅក្នុងទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨ នាព្រឹកថ្ងៃទី០៥ មីនា ឆ្នាំ២០១៩នេះ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា មេធាវីតេជោសែនបានត្រៀមរួចរាល់ហើយមានចំនួនប្រមាណ៦០នាក់ដើម្បីចេញដំណើរទៅដោះស្រាយបញ្ហាដល់ស្រ្តីក្រីក្រ។

ជាមួយគ្នានេះសម្តេចតេជោបញ្ជាក់ទៀតថា មេធាវីផ្ទាល់របស់សម្តេចគឺមានគោលដៅ២សំខាន់ៗ
ទី១ ជួយមុខសញ្ញាទណ្ឌិតជាស្រ្តី ព្រមទាំងពិនិត្យមើលការសម្រាលទោស ឬលើកលែងទោសដោយមិនរង់ចាំពេលវេលា មិនចាំបាច់ពេលបុណ្យទាននោះទេ។
ទី២ ជួយមុខសញ្ញាជាស្រ្តីមានរឿងក្តីហើយខ្វះខាតមេធាវីជួយរកយុត្តិធម៌។

​សូមរំលឹកថា ដើម្បីជួយដល់ស្រ្តីកម្ពុជា កាលពីថ្ងៃទី១៩កុម្ភះ២០១៩កន្លងទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្រ្តី សម្តេចតេជោបានបង្កើតក្រុមមេធាវីរបស់សម្តេចផ្តាល់ដើម្បីជួយដល់ស្រ្តីក្រីក្រ ដើម្បីទទួលបានការយកចិត្តទុកដាក់ជួយជនរងគ្រោះបានទាន់ពេលវេលា។

បន្តាប់មកក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជិត ១ម៉ឺន២ពាន់នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេចតេជោ ក៏បានថ្លែងថា ខ្ញុំសូមជម្រាបលោកជំទាវក្រសួងកិច្ចការនារី ដែលជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីថា ខ្ញុំសម្រេចចិត្តជាផ្លូវការហើយ ឥឡូវរកបានថវិកាចំនួន ២ពាន់លានរៀល ស្មើនឹង៥០ម៉ឺនដុល្លារអាមេរិក ត្រៀមក្នុងដៃដើម្បីចេញដំណើរមេធាវីរបស់ខ្ញុំ។ នេះមិនមែនជាថវិការបស់រាជរដ្ឋាភិបាលទេ ជាថវិការបស់ខ្ញុំដែលបានប្រមូលគ្នាដើម្បីរៀបចំឱ្យមានក្រុមមេធាវីរបស់តេជោសែនមួយសម្រាប់ការពារកូនក្ដីឱ្យស្ត្រីក្រីក្រ ដែលឥឡូវនេះមានស្ត្រីខ្លះកំពុងនៅក្នុងមន្ទីរឃុំឃាំងដោយខ្វះមេធាវីបណ្ដាលឱ្យកាត់ក្ដីមិនកើត។ នេះជាគោលនយោបាយចំពោះស្ត្រីរបស់យើង

សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា សម្តេចបានប្រគល់កិច្ចការនេះទៅលោកមេធាវី គី តិច ដើម្បីរៀបចំក្រុមមេធាវីនេះ និងធ្វើការបែងចែកទៅរាជធានី ខេត្ត ទាំង ២៥ ដោយមួយខេត្តមានមេធាវី ២នាក់។

សម្ដេចតជោថ្លែងទៀតថា ការបង្កើតមេធាវីនេះគឺក្នុងគោលបំណងជួយដល់ស្ត្រីដែលកំពុងរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពាន ព្រមទាំងជួយការពារក្តីដល់ស្ត្រីរងគ្រោះដែលកំពុងជាប់ឃុំឃាំងលើសពេលកំណត់ដោយសារតែខ្វះខាតមេធាវីនិងថវិកាសម្រាប់ការពារក្តី។

សម្តេចតេជោក៏បានប្រាប់ទៅកម្មការិនីទាំងអស់ថា ប្រសិនជួបនូវរឿងអយុត្តិធម៌ណាមួយកើតឡើងចំពោះខ្លួន កម្មការិនីទាំងអស់អាចស្នើមកក្រុមមេធាវីរបស់សម្តេច ដើម្បីជួយការពារក្តី និងជួយរកយុត្តិធម៌ជូនដោយមិនគិតថ្លែ៕

ដោយ៖ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation