សម្តេចវិបុលសេនាភក្តី ៖ព្រឹទ្ធសភា ផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ដល់ការអនុវត្តគោលនយោបាយជាតិ ពាក់ព័ន្ធផ្ទាល់នឹងបញ្ហាស្រ្តីនិងក្មេងស្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៤ខែមីនាម្សិលមិញនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានជួបសំណេះ សំណាលជាមួយ គណៈប្រតិភូស្ត្រីចូលជួបសម្តែងការគួរសមក្នុងពិធីអបអរសាទរខួបទី១០៨ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០១៩ ។


បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីរាយការណ៍អំពី សមិទ្ធផល និងវឌ្ឍនភាព ដែលនារីកម្ពុជា ទទួលបានកន្លងទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងអប អរសាទរចំពោះ ជោគជ័យទាំងឡាយ ដែលលោកជំទាវរដ្ឋមន្រ្តី ព្រមទាំងសហការី បាន និងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុ ដើម្បីស្រ្តី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរ ក្នុងសង្គម។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមានប្រសាសន៏លើកឡើងទៀតថា សម្តេចគាំទ្រ និង អបអរសាទរ ទិវា អន្តរជាតិនារី ៨មិនាខួបលើកទី ១០៨ ក្រោមប្រធានបទ ” លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស” ដើម្បីជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងសង្គមជាតិ នៅក្នុងស្ថាប័នរដ្ឋ ឬឯកជន ប្រកបដោយគុណសម្បត្តិ ល្អប្រសើរ ទទួលបានជោគជ័យគ្រប់កិច្ចការ ។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាមានប្រសាសន៏បន្តទៀតថា ប្រធានបទដ៏សំខាន់នេះ ដែលបានលើកឡើង ស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹង ប្រែងដាក់ចេញជា សកម្មភាព គន្លឹះ ក្នុងការអនុវត្តគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តោតសំខាន់ទៅលើ ការលើកកម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្រ្តីកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ។ តាមរយៈការដាក់ចេញ គោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ បង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិ ភាព ស្ថេរភាព ឯកភាពជាតិ និងសន្តិសុខសង្គម។ ទាំងអស់នេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រទេសកម្ពុជា ទទួលបាន មុខមាត់ថ្មី ប្រកបដោយភាពរឹងមាំ -សុខ សន្តិភាពពេញលេញទូទាំងប្រទេស។
ប្រធានបទ ” លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” មានគោល បំណង បន្តអនុវត្ត គោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជា អាទិភាពរួមក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធាន មនុស្ស ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ប្រព័ន្ធគាំពារ សង្គម និងការពង្រីកសំណាញ់សុវត្ថិភាពសង្គម ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការការពារសិទ្ធិស្រី្ត ការពង្រឹង អំណាចដល់ស្ត្រី ក្មេងស្រី និងលើកកម្ពស់សមភាពយេនឌ័រ។


សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា ផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាលក្នុងការ អនុវត្តគោលនយោបាយជាតិ និងបានពិនិត្យឡើងវិញ ព្រមទាំងផ្តល់អនុ សាសន៍ នូវរាល់អត្ថបទច្បាប់ ដែលពាក់ព័ន្ធ ផ្ទាល់នឹងបញ្ហាស្រ្តីនិងក្មេងស្រី ដែលជាឧបករណ៍គតិយុត្តិសម្រាប់ការ អនុវត្តគោលនយោបាយជាតិ ស្តីពីសម ភាពយេនឌ័រ កិច្ចការពារសិទ្ធិ និងផល ប្រយោជន៍ស្រ្តី ក៏ដូចជាអនុសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាស្រ្តី ។

ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងមកដល់ នៅពេលខាងមុខដូច្នេះសម្តេចបានអំពាវនាវដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ អញ្ជើញទៅ ចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមជ្រើសរើសអ្នកដឹកនាំនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន ដែលជាអ្នកដឹងសុខទុក្ខប្រជាជន មានបទពិសោធន៍ មានសមត្ថភាពអាចបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយ ប្រសិទ្ធភាព៕

អត្ថបទ៖វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation