ប្រជាជនវ័យចាស់នៅកម្ពុជា ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ នឹងកើនឡើងលឿន
| ព័ត៌មានជាតិ
SHARE

ក្រសួងផែនការកំពុងផ្សព្វផ្សាយការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជនវ័យចាស់នៅកម្ពុជា។

ដំណើរឆ្ពោះទៅរកប្រជាជន វ័យចាស់ គឺជាការប្រែប្រួលប្រជាសាស្ត្រនាចុងអន្តរកាលប្រជាសាស្ត្រ ដែលសមាមាត្រប្រជាជនវ័យចាស់ អាយុ ៦០ឆ្នាំឡើងកើនឡើងយ៉ាងលឿន នៅពេលដែលប្រជាជន ក្នុងវ័យកំពុងធ្វើការងារបច្ចុប្បន្នចាប់ផ្តើមចូលនិវត្តន៍ គួបផ្សំនឹងការមានកូនតិច និងការកើនឡើង នៃអាយុកាលសង្ឃឹមរស់។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថា ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ ជាបាតុភូតប្រជាសាស្ត្រមួយ ដែលប្រទេសអភិវឌ្ឍន៍លើពិភពលោកបានឆ្លងកាត់ និងដែលប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមជួប រួមទាំងកម្ពុជាផង។
ជាក់ស្តែង ប្រជាជនវ័យចាស់នៅកម្ពុជា មានចំនួន ៥ភាគរយនៅឆ្នាំ ១៩៩៨;៦ភាគរយនៅឆ្នាំ២០០៨; ៧,៦ភាគរយនៅឆ្នាំ២០១៨ និងឈានទៅ ៩,៣ភាគរយនៅឆ្នាំ ២០២៣ និងឆ្នាំ២០៣០ មាន ១១,៥ភាគរយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា បាតុភូតនេះ មិនត្រឹមតែជះឥទ្ធិពលទៅលើមនុស្សវ័យចាស់ខ្លួនឯងទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលទៅលើគ្រប់វិស័យទាំងអស់ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ដោយហេតុថាវ័យចាស់ ជាវ័យដែលភាពសកម្មសេដ្ឋកិច្ចចាប់ផ្តើមថយចុះឆ្ពោះទៅរកចំណុចអប្បបរមា ស្របពេលដែលតម្រូវការការផ្គត់ផ្គង់ និងការថែទាំចាប់ផ្តើមកើនឡើងឆ្ពោះទៅរកចំណុចអតិបរមា។

ការឈានចូលវ័យចាស់ប្រកបដោយសក្តានុពល គឺជាភាគលាភប្រជាសាស្ត្រទី២ ដែលក្នុងស្ថានភាពនោះ មនុស្សចាស់ជាធនធានបង្គោលជាជាងបន្ទុក។

ឯកឧត្តម បានថ្លែងថា មូលហេតុនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ដោយឈរលើមូលដ្ឋានចំនួនមួយនៃ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយសំដៅត្រៀម និងរៀបចំដោះស្រាយបញ្ហាដែលកំពុង និងដែលនឹងកើតមាន និងផ្តល់ការតម្រង់ទិសដល់វ័យសកម្មការងារអំពីដំណើរឈានទៅរកវ័យចាស់ប្រកបដោយសក្តានុពលនៅកម្ពុជា។

កម្ពុជាបានចាប់ផ្តើមរៀបចំនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ក្នុងគោលបំណងដើម្បីជាការត្រៀមលក្ខណៈក្នុងការដោះស្រាយបញ្ហាទាំងឡាយរបស់មនុស្សវ័យចាស់ដែលបាន និងកំពុងជួបប្រទះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ចក្ខុវិស័យ និងគោលដៅនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ គឺជាការបន្តលើកកម្ពស់ និងកែលម្អគុណភាពជីវិតរបស់មនុស្សចាស់ ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឱ្យមនុស្សចាស់ទទួលបាននូវសិទ្ធិ និងឱកាសស្នើគ្មា, ចូលរួមយ៉ាងពេញលេញដោយសេរី និងដោយសេចក្តី ថ្លៃថ្នូរ នៅក្នុងសកម្មភាពគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ ជាដើម។

គោលនយោបាយនេះ បានកំណត់ការងារអាទិភាពសំខាន់ៗ ដូចតទៅ៖(១)សន្តិសុខហិរញ្ញវត្ថុ,(២) សុខភាព និងសុខមាលភាព,(៣) បង្កើនការយល់ដឹងអំពីរបៀបរបបការរស់នៅ,(៤) បង្កើតបរិស្ថានអំណោយផល,(៥) គាំទ្រឱ្យមានការបង្កើតសមាគមមនុស្សចាស់ និងវ័យចាស់សកម្ម,(៦) ទំនាក់ទំនងអន្តរជំនាន់,(៧) ទប់ស្កាត់ការរំលោភបំពាន ការមិនអើពើ និងអំពើហិង្សាលើមនុស្សចាស់,(៨) ការជួយក្នុងស្ថានភាពមានអាសន្ន និង(៩) ការត្រៀមខ្លួនរបស់មនុស្សវ័យក្មេងសម្រាប់ការឈានចូលវ័យចាស់។

គូរបញ្ជាក់ថា ក្នុងស្មារតីជំរុញឱ្យមានការគិតគូរដល់មនុស្សចាស់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជា រៀបចំទិវាមនុស្សចាស់អន្តរជាតិ និងជួយជនចាស់ជរាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រ ធានកិត្តិយស និងរដ្ឋមន្រ្តីក្រសួងសង្កមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាប្រធាន៕អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation