សម្ដេចក្រឡាហោម ស ខេង៖ ក្រុមក្រៅច្បាប់មួយក្តាប់តូច ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីបម្រើមហិច្ឆតាខ្លួន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មានក្រុមក្រៅច្បាប់មួយក្តាប់តូច ប៉ុនប៉ងបង្កអសន្តិសុខ និងភាពវឹកវរ តាមរយៈការបំផុសឲ្យមានចលនាបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបម្រើមហិច្ឆតារបស់ក្រុមខ្លួន។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងមហាផ្ទៃ ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ អន្តរក្រសួងនៅអាល្លឺម៉ង់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង រៀបរាប់ពីដំណើរការអភិវឌ្ឍប្រទេសជាតិ ដែលមកដល់ពេលនេះសម្រេចបាន សមិទ្ធផលសេដ្ឋកិច្ចសង្គមធំៗ ជាច្រើនគួរឲ្យកត់សម្គាល់ ក្រោមលក្ខខណ្ឌអំណោយផល នៃសន្តិភាពពេញបរិបូរណ៍ទូទាំងប្រទេស។

សម្ដេចមានប្រសាសន៍ថា “ប៉ុន្តែមានក្រុមជនក្រៅច្បាប់មួយក្តាប់តូច ដែលប៉ុនប៉ងបង្កអសន្តិសុខ និងភាពវឹកវរ តាមរយៈការបំផុសឲ្យមានចលនា បះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាទុច្ចរិតពិសពុលឈាន ទៅបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន និងសង្គមជាតិ ដើម្បីបម្រើមហិច្ឆតារបស់ក្រុមខ្លួនប៉ុណ្ណោះ”។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវចេះសាមគ្គីគ្នា និងរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវ សន្តិភាពដែលបានមកដោយលំបាក ធ្វើយ៉ាងណាបង្កលក្ខខណ្ឌ អំណោយផលសម្រាប់កម្ពុជា ឲ្យនឱកាសបន្តការអភិវឌ្ឍ និងវឌ្ឍនភាពកាន់តែជឿនលឿនថែមទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏លើកឡើងទៀតថា កម្ពុជា-អាល្លឺម៉ង់បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងភាពជាដៃគូ រវាងកម្ពុជា-អាល្លឺម៉ង់ និងកម្ពុជា-សហភាពអឺរ៉ុប ។ ក្នុងនោះរួមមាន បញ្ហាពាក់ព័ន្ធនឹងការស្វែងរកការ គាំទ្រទៅលើកិច្ចការនយោបាយ , ការផ្លាស់ប្តូរបទពិសោធន៍ លើការងារលើកកម្ពស់សិទ្ធិមនុស្ស, ការអភិវឌ្ឍលើវិស័យសំខាន់នានា ដូចជា អប់រំ សុខាភិបាល ការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាដើម។

ពាក់ព័ន្ធនឹងការងារថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ភាគីកម្ពុជា បានសំណូមពរភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាពទិញកាបោនពីកម្ពុជា ដែលនេះគឺជាយន្តការ និងជាការរួមចំណែកមួយដ៏មានសារៈសំខាន់ ក្នុងការថែរក្សាឲ្យបានគង់វង្សសម្បត្តិ ធនធានធម្មជាតិកម្ពុជា៕អត្ថបទ៖ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation