សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត នៅខែកក្កដាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត បានបញ្ជាកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែបង្ក្រាប រាល់សកម្មភាពទាំងឡាយណា ដែលរារាំង និងចង់បំផ្លិចបំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។


សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ត្រូវបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចជារាល់ឧបបាយកលពិសពុល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតឲ្យបានគ្រប់រូបភាព សំដៅធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា»។


សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា គ្រប់សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវសមភាពចំពោះមុខច្បាប់ និងការផ្ដល់នូវសេវាសន្ដិសុខ ជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត វាគ្មិន តំណាង ឬភ្នាក់ងារ និងបេក្ខជន គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ។


ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ស្មារតី និងឆន្ទៈស្នេហាជាតិ ត្រូវរួមសហការគ្នាសំដៅ និងធានាកិច្ចការពារកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រកបដោយសុវត្ថិភាព និងជោគជ័យ៕


អត្ថបទ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation