ទឹកជំនន់ដែលកើតឡើងពីការបាក់ទំនប់ អូខៃដន របស់ឧកញ៉ា ឡាយ ប៊ុនប៉ា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវរថភ្លើង
| ព័ត៌មានជាតិ
SHARE

ប៉ោយប៉ែត៖ បើគិតចាប់ពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺមានរយៈពេល ៣ថ្ងៃហើយ ទឹកជំនន់ដែលបានកើតឡើងដោយសារតែការបាក់ធ្លាយទំនប់ អូខៃដន របស់ឧកញ៉ា ឡាយ ប៊ុនប៉ា នៅតែបន្តជន់លិចផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើង ត្រង់ចំណុចដើមពោធិ៍លោកយាយម៉ៅ ក្នុងសង្កាត់និមត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន Royal Railway បានឲ្យដឹងថា ទឹកជំនន់ដែលកើតឡើងដោយសារបាក់ទំនប់ទឹក អូខៃដន ដែលមានកម្លាំងទឹកហូរយ៉ាងខ្លាំងក្លានោះ បានហូរបុកដាច់គ្រឹះផ្លូវរថភ្លើងយ៉ាងធ្ងន់ធ្ងរ និងបានជន់លិចផ្លូវរថភ្លើងកម្ពស់ ៦០០ មីល្លីម៉ែត្រ។


តំណាងក្រុមហ៊ុនRoyal Railway បញ្ជាក់ថា ក្រុមហ៊ុនបានទាក់ទងទៅកាន់ក្រុមហ៊ុនរបស់ឧកញ៉ា ឡាយ ប៊ុនប៉ា តែមិនមានការឆ្លើយតបនិងចំណាត់ការដោះស្រាយទេ ដោយសារក្រុមហ៊ុននេះអះអាងថា មិនមានបុគ្គលិកប្រចាំការនៅទំនប់ទឹកនេះទេដោយសារឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខណៈគេនឹងវិលត្រឡប់ចូលធ្វើការវិញនៅថ្ងៃស្អែក។


ក្រុមហ៊ុនRoyal Railway បន្តថា ក្រុមហ៊ុនមិនអាចធ្វើការជួសជុលផ្លូវរថភ្លើងដែលខូចខាតដោយសារទឹកជំនន់នៅទីតាំងខាងលើបាននៅឡើយទេ ដោយសារតែទំនប់ដែលបានបាក់ នៅមិនទាន់បានបិទវិញ ហើយទឹកជំនន់នៅតែបន្តហូរខ្លាំង។ ហើយស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញព្រួយបារម្ភថា ទំហំនៃការខូចខាតនឹងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បើសិនជាមិនមានចំណាត់ការបន្ទាន់ទេនោះ។


ក្រុមហ៊ុនRoyal Railway សូមអំពាវនាវដល់ អគ្គនាយកដ្ឋានផ្លូវដែក និងក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយពន្លឿនឲ្យមានចំណាត់ការបន្ទាន់ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ ជៀសវាងកើតមានការខាតបង់កាន់តែធ្ងន់ធ្ងរលើវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation