ដីព្រៃក្នុងដែនអភិរក្សជាង១ពាន់ហិកតា ត្រូវបានគេឈូសឆាយលក់បន្តគ្នា
| ព័ត៌មានជាតិ
SHARE

ដីព្រៃជាង១ពាន់១រយហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ត្រូវបានគេឈូសឆាយលក់តគ្នាជាបន្តបន្ទាប់ ក្រោយមកបែកធ្លាយព័ត៌មានដល់សមត្ថកិច្ចថ្នាក់ជាតិ ទើបមានការចុះពិនិត្យ និងស្រាវជ្រាវសួរនាំ។


ការចុះពិនិត្យ និងស្រាវជ្រាវនោះដឹកនាំដោយលោក ស សាពុទ្ធត្រា អភិបាលរងខេត្ត ដែលមានអាជ្ញាធរស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធចុះទៅដល់ទីតាំងខាងលើកាលពីពេលកន្លងទៅថ្មីៗនេះ ដោយបានសួរនាំធ្វើកំណត់ហេតុជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាដើម។


តាមប្រភពព័ត៌មានពីអ្នកភូមិដែលអ្នកសារព័ត៌មានទទួលបាន រឿងដីព្រៃដែលគេលក់តគ្នានោះ ត្រូវគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអាជ្ញាធរស្រុកឱរ៉ាល់ និងមន្ត្រីបរិស្ថានមួយចំនួន ក្នុងនោះមានដូចជាលោក មួង ធី អភិបាលស្រុក លោក ប៊ុន វិចិត្រ អភិបាលរងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី និងលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ។


ប្រភពបានបន្តឱ្យដឹងទៀតដីព្រៃជាង១ពាន់១រយហិកតាជាដីព្រៃក្នុងចំណោមដីជាច្រើនទៀតដែលគេឃុបខិតគ្នាយកទៅលក់ និងយកជាសម្បត្តិឯកជន ដោយកន្លងទៅគេឃើញសកម្មភាពសាច់ញាត្តិលោក ប៊ុន វិចិត្រ និងគ្នីគ្នាធ្លាប់រកស៊ីដីជាមួយលោកដើរប្រមូលទិញដីព្រៃរបស់រដ្ឋក្រោមរូបភាពប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងលក់ទៅឱ្យឈ្មួញ រីឯលោក ប៊ុន វិចិត្រ ជាអ្នកសម្របសម្រួលក្នុងនាមអាជ្ញាធរ និងប្រពន្ធរបស់លោកក៏ជាម្ចាស់ក្រុមហ៊ុនគ្រឿងចក្រសម្រាប់បំរើដល់ការឈូសឆាយដីព្រៃនៅតំបន់ខាងលើ ដែលកត្តានេះហើយកើតជាការសង្ស័យថា លោក ប៊ុន វិចិត្រ នៅពីក្រោយសកម្មភាពនេះ។


ទាក់ទងការលើកឡើងនេះដែរលោក ប៊ុន វិចិត្រ បានឱ្យដឹងយ៉ាងខ្លីថា រឿងខាងលើគឺជាការយល់ច្រឡំ ហើយលោកកំពុងតែធ្វើកិច្ចការនេះជាមួយថ្នាក់ដឹកនាំហើយ។


ចំណែកលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឱ្យដឹងថា រឿងនេះលោកមិនពាក់ព័ន្ធទេ ព្រោះកាលដែលលោកមកកាន់តំណែងជានាយកដែន គឺក្រោយពេលដីទាំងនោះត្រូវគេគ្រប់គ្រង និងលក់ដូរ។


ទោះជាមានការលើកឡើងយ៉ាងក្ដី ពលរដ្ឋដែលដឹងរឿងនេះបានអំពាវនាវដល់សមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ខេត្តសូមចាត់វិធានរកមេខ្លោងលោងលោលង និងអ្នកដែលពាក់ព័ន្ធឱ្យឃើញ ដើម្បីយកមកចាត់ការទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ តម្លាភាព កុំឱ្យពួកទាំងនោះគេចវេះ ឬក៏រកហេតុផលមកសម្រាលទោសខ្លួន៕អត្ថបទៈ យ៉ង់ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation