លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលសាធារណៈដែលលិចទឹក​ជំនន់ និងដឹកនាំក្រុមគ្រូពេទ្យផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកអង្គរជុំខេត្តសៀមរាប
| ព័ត៌មានជាតិ
SHARE

នាថ្ងៃពុធ១២រោច ខែភទ្របទ ឆ្នាំកុរ​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានដឹកនាំក្រុមគ្រូពេទ្យនិងនាំយកទៅជាមួយឱសថ​ និងបរិក្ខារពេទ្យ​ ឱសថប្រឆាំងពិសពស់(ទាំង២មុខ)​ ឱសថគ្លរ៉ាមីន​ កញ្ចប់អនាម័យគ្រួសារ​ ដែលសរុបទាំងអស់មានចំនួន៣៣មុខ​ មានទំងន់សរុប​ ៥៧៨​ គីឡូក្រាម​ និងមុងជ្រលក់ថ្នាំ ចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ប្រមាណជា៣០០គ្រួសារ​ និងសម្រាប់មន្ទីរសុខាភិបាលប្រេីប្រាស់ក្នុងការផ្តល់សេវាសុខភាពជូនពួកគាត់ផងដែរ​ដោយអនុវត្តន៍តាមអនុសាសន៍ប្រកបដោយសន្តានចិត្តយកចិត្តទុកដាក់ខ្ពស់លេីបញ្ហាសុខភាពប្រជាជនរងគ្រោះដោយសារទឹកជំនន់របស់ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​។ 


ការចុះពិនិត្យនិងផ្តល់សេវាសុខភាពរបស់លោកជំទាវរដ្ឋលេខាធិការនេះ​ មានការអញ្ជេីញរួមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត​ ឡាក់​ មួយស៊ាង​ អនុប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល​ លោកវេជ្ជបណ្ឌិត​ មួង​ ណារិន​ អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ ព្រមទាំងលោកអភិបាលស្រុកអង្គរជុំ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តសៀមរាប​។ ការចុះសួរសុខទុកនិងពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឺកជំនន់​ ព្រមទាំងពិនិត្យមូលដ្ឋានសុខាភិបាលសាធារណ:នៅក្នុងស្រុកអង្គរជុំខេត្តសៀមរាបដែលមានទឹកជំនន់ជន់លិចរបស់លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលខាងលេីនេះ​ បានប្រព្រឹត្តទៅនៅឃុំដូនពែង ស្រុកអង្គរជុំ ហេីយលោកជំទាវក៏បានចុះសួរសុខទុក្ខអ្នកជំងឺដែលបានជម្លៀសចេញទៅមន្ទីរពេទ្យបង្អែកពួកនៃខេត្តសៀមរាបផងដែរ។

គួរកត់សម្គាល់ថាការជន់ទឹកលិចខាងលេីនេះ​ បានកេីតឡេីងពីថ្ងៃទី២៣​ និង២៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៣៣៦គ្រួសារ ហេីយទឹកភ្លៀងបានជន់លិចមន្ទីរពេទ្យបង្អែកអង្គរជុំ និងមណ្ឌលសុខភាពអង្គរជុំ​ បានបណ្តាលឲ្យមានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនិងឯកសារមួយចំនួន ហេីយអ្នកជំងឺដែលសម្រាកពេទ្យត្រូវបានបញ្ជូនចេញទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពួក​ ដោយមានអន្តរាគមន៍ពីមន្ទីរសុខាភិបាលខេត្តសៀមរាបនិងអាជ្ញាធរមូលដ្ឋាននៅថ្នាក់ខេត្តនិងស្រុក​ ចុះជួយបានទាន់ពេលវេលា។ បច្ចុប្បន្នអ្នកជំងឺមួយចំនួនធំបានវិលទៅផ្ទះសម្បែងរបស់ពួកគាត់វិញហេីយ។

ក្នុងឱកាសប្រកបដោយកាយវិការយកចិត្តទុកដាក់ខ្ពស់នេះ​ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលសម្តេចទាំងទ្វេតែងតែមានការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជនទូទៅ​ ជាពិសេសកំលុងពេលមានទឹកជំនន់នេះ​ និងការផ្តាំផ្ញេីលេីការរក្សាសុខភាពព្រមទាំងការជូនពរសុខភាពល្អពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ហេីយលោកជំទាវក៏បានផ្តល់សារអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យចេះប្រុងប្រយ័ត្នមុនពេល ក្នុងកំលុងពេល ក្រោយពេលទឹកជំនន់ដូចជា ការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីចៀសវាងជំងឺផ្សេងៗដូចជា ជំងឺរាករូស​ ជំងឺរាកមួល ផ្តាសាយ​ ជំងឺគ្រុនចាញ់​ ជំងឺគ្រុនឈាម​ ពុលចំណីអាហារ ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេង ទៀត។ ត្រូវសម្រាន្ដក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។​ ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់លង់ទឹក ពស់ចឹក ខ្សែភ្លើងឆក់ ដែលបណ្តាលឱ្យបាត់បង់ដល់អាយុជីវិត។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ 

ត្រូវយកកូនទៅទទួលថ្នាំបង្ការឱ្យបានទៀងទាត់ ទាំងមុនពេល ក្នុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមស្វែងរក ការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោក អ្នកបំផុត។


បន្ទាប់មកលោកជំទាវក៏បានចូលមើលការផ្តល់សេវាសុខភាពនៅមន្ទីពេទ្យបង្អែកពួក​ និង មណ្ឌលសខភាពចារឈូកដែលទទួលបានចំណាត់ថ្នាក់លេខ១កាលពីដេីមឆ្នាំ២០១៨​ ព្រមទាំងបានជូនថវិកាផ្ទាល់ខ្លួនរបស់លោកំទាវជូនដល់គ្រូពេទ្យអង្គរជុំដែលមានវត្តមាននិងចែកកញ្ចប់គ្រួសារមានមុង​ជ្រលក់ថ្នាំ គ្លរ៉ាមីន​ សៀវភៅអប់រំសុខភាព​ ច្រាសនិងថ្នាំដុះធ្មេញ​ សាប៊ូដុសខ្លួននិងម្សៅសាប៊ូ​ ព្រមទាំងថ្នាំលាបការពារមូស​ ផងដែរជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ខាងលេីនេះ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានថ្លែងនូវការកោតសរសេីរដល់ក្រុមគ្រូពេទ្យទាំងអស់​ ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ទីរសុខាភិបាលខេត្តនិងស្រុកប្រតិបត្តិ​ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យនិងមណ្ឌលសុខភាពទាំងអស់ដែលតែងតែគោរពក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យបានល្អ​ យកចិត្តទុកដាក់ជួយសង្រ្គោះអ្នកជំងឺទាំងគ្រប់រដូវកាល​ ទាំងពេលទឹកជំនន់​ និងពេលបុណ្យទានផ្សេងៗ​ផងដែរ។

សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋនិងគ្រូពេទ្យទាំងអស់​ ឱ្យមានសុខភាពល្អ​ និងទទួលយកកុសលផលបុណ្យនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ រៀងៗខ្លួន៕អត្ថបទ គង់ វណ្ណៈ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation