រដ្ឋបាលរាជធានីនិងសមាគមកាត់ដេរGMACសម្រេចយកចំណុចរួម៣ ក្រោយជំនួបពិភាក្សា ដើម្បីសម្រួលដល់ការងារផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ
| ព័ត៌មានជាតិ
SHARE

​រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានព្រមព្រៀងគ្នាលើចំណុចរួមចំនួន៣ក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ក្នុងគោលបំណងសម្រួលដល់ការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ និងដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

តាមសេចក្តីប្រកាស អំពីលទ្ធផលនៃជំនួបពិភាក្សា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ជូន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានវិធានការឱ្យរើរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ដែលមានស្រាប់ ទៅទីតាំងជាយក្រុងឡើយ ដោយត្រូវបន្តចង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ឱ្យជួយចលនាដល់វិនិយោគិន ដែលមានបំណងបង្កើតរោងចក្រថ្មី ទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ក្រោយជំនួបពីការពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពដូចខាងក្រោម៖
១៖ បង្កើតក្រុមការងាររួមមួយ ដែលមានសមាសភាពខាង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដើម្បីប្រជុំកំណត់ប្រភេទ និងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ពេលវេលាម៉ោងចេញ-ចូល សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។
២៖ ក្រុមការងាររួមនេះ នឹងធ្វើការប្រជុំរៀងរាល់មួយខែម្តង ឬបីខែម្តងតាមការចាំបាច់ ដើម្បីពិភាក្សារកដំណោះស្រាយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងដោះស្រាយ បញ្ហាកង្វល់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។
៣៖ ចំពោះការសាងសង់រោងចក្រ ដែលមានក្រឡាផ្ទៃក្រោម ៣,០០០ម៉ែត្រក្រឡា (បីពាន់ម៉ែត្រការ៉េ) រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយសម្រួលបែបបទ តាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ភ្នំពេញ សំដៅជួយកាត់បន្ថយពេលវេលា ដើម្បីឆាប់បានដំណើរការសាងសង់៕
អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation