ដំណាំស្រូវប្រាំងនៅឃុំតាគ្រាមជាង៩០០ហ.ត ដែលអត់ទឹកស្រោចស្រព ត្រូវបានជួយអន្តរាគមន៍ពីក្រុមការងារចុះជួយស្រុកបាណន់
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ឈានចូលរដូវប្រាំងដើមឆ្នាំ២០១៩នេះ ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដោយឡែកនៅខេត្តបាត់ដំបងមានភាពបម្រែបម្រួលនិងមានភាពក្តៅហួតហែងខ្លាំង ដែលបានធ្វើឲ្យប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួនទទួលរងនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងនិងទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្មផងដែរ ស្ថិតក្នុងស្ថានភាពជាក់ស្តែងនេះនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ រួមជាមួយនឹងក្រុមការងារឃុំ ភូមិ មួយចំនួនបានចុះជួយអន្តរាគមន៍ដំណាំស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងតែជួបនូវការខ្វះខាតទឹកសម្រាប់ការស្រោចស្រពដំណាំស្រូវប្រាំងចំនួន៩០០ហ.ត នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

នៅចំពោះមុខប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ឱ្យដឹងថា នៅដើមឆ្នាំនេះជារដូវប្រាំងក្តៅហួតហែងខ្លាំងបណ្តាលឱ្យប្រភពទឹកមួយចំនួនក្នុងខេត្តបាត់ដំបង មានការរីងស្ងួតធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមខ្វះខាតទឹកទាំងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងនិងការស្រោចស្រពដំណាំកសិកម្ម ផង ដូច្នេះក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ បានចុះជួយអន្តរាគមន៍សង្រ្គោះជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមសន្តិបណ្ឌិត មានបានបញ្ជាក់ថា តាមលទ្ធភាពជាក់ស្តែងស្រូវប្រាំងទាំងនោះអាចជួយសង្រ្គោះបានតែ៧៥០ហ.តប៉ុណ្ណោះ ដោយសារតែនៅជិតប្រភពទឹក រីឯ១៥០ហ.តទៀតត្រូវបានបោះបង់ចោលតែម្តង មិនអាចជួយសង្រ្គោះបានទេដោយសារនៅឆ្ងាយពីប្រភពទឹក ។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានផ្តល់ជូននូវប្រេងម៉ាហ្ស៊ូតជំនួន៣៤៤០លីត្រ ស្មើនឹងថវិកា១០លានរៀល សម្រាប់ធ្វើការបូមទឹកពីអាងកំពីងពួយ បញ្ចូលទៅតាមប្រឡាយដងអូរ ដើម្បីជួយសង្រ្គោះស្រូវជូនពួកគាត់ ។ ក្នុងនោះឯកឧត្តមសន្តិបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទាំងអស់ត្រូវសហការនិងធ្វើការរាយការណ៍ជាបន្ទាន់អំពីបញ្ហាការខ្វះខាតទឹក ដើម្បីអោយថ្នាក់ដឹកនាំនិងក្រុមការងារបានដឹងនិងជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

ប្រជាពលរដ្ឋរងគ្រោះអត់ទឹកប្រើប្រាស់ បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ដែលបានចាត់តាំងក្រុមការងារចុះជួយស្រុកបាណន់ ចុះជួយអន្តរាគមន៍បូមទឹកមកកាន់តំបន់ខ្វះខាតទឹកជូនពួកគាត់បានទាន់ពេលវេលានាពេលនេះ បើសិនជាគ្មានការអន្តរាគមន៍នេះទេ នោះប្រជាពលរដ្ឋនៅតំបន់នេះនឹងជួបនូវបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផង និងសម្រាប់ការស្រោចស្រពជាក់ជាមិនខាន បើទោះបីជាមិនអាចជួយបាន១០០% ក៏អាចជួយ ធ្វើឲ្យពួកគាត់មានស្រូវសម្រាប់ច្រូតបានត្រឹមតែ៥០% ក៏ក៏បានដែរ ៕
អត្ថបទ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation