អភិបាលខេត្តកោះកុង៖ មនុស្សចាស់នៅតែជាអ្នកប្រាប់ផ្លូវដើរដល់យុវជនជំនាន់ក្រោយលើការថែរក្សាសន្តិភាព និងទប់ស្កាត់សង្រ្គាម
| ព័ត៌មានជាតិ
SHARE

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែកញ្ញា នេះ បានគូសបញ្ជាក់ថា មនុស្សចាស់ជំនាន់មុន នៅតែជាបុគ្គលដ៏សំខាន់ក្នុងសហគមន៍ ចំពោះការតម្រង់ទិសដៅដល់យុវជនជំនាន់ក្រោយ នាពេលបច្ចុប្បន្ន ឲ្យចេះរួមគ្នាធ្វើខ្លួនជាធនធានមានតម្លៃ ថែរក្សាសុខសន្តិភាព និងទប់ស្កាត់ភ្លើងសង្រ្គាមកុំឲ្យកើតឡើងវិញ។

គ្រាដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ និងរួចរំដោះខ្លួនចេញពីភ្លើងសង្រ្គាម ក៏ព្រោះតែមនុស្សចាស់ជំនាន់មុន តស៊ូពលកម្មបូជាជីវិត ដើម្បីឲ្សង្គមជាតិមានអភិវឌ្ឃន៍រីកចម្រើន និងមានស្ថិរភាព ជៀសផុតពីការកាប់សម្លាប់ ផ្តល់អាហារមិនគ្រប់គ្រាន់ និងធ្វើទារុណកម្មរំលោភសិទ្ធិជាដើម។

ក្នុងខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រំលេចពីការគោរពដឹងគុណូបការៈដែលចាស់ទុំព្រឹទ្ធាចារ្យរំដោះប្រទេសពីសង្រ្គាមនៅថ្ងៃទី៧ មករា ១៩៧៩ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃនេះ។

បើតាមលោកជំទាវអភិបាលខេត្តកោះកុង មនុស្សចាស់ជំនាន់មុនៗ នៅតែមរតកដ៏សំខាន់ក្នុងការទូន្មានព្រាងប្រដៅ និងតម្រង់ទិសផ្លូវដើរដល់មនុស្សជំនាន់ក្រោយនេះ ឲ្យចេះរួមគ្នាធ្វើខ្លួនក្លាយជាធនធានមានតម្លៃ ថែរក្សាសន្តិភាព និងជួយទប់ស្កាត់ការកើតសង្រ្គាមមកកុំឲ្យឡើងវិញទៀត។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី និងបក្សពួក កំពុងធ្វើចលនាញុះញុងបង្កើតបដិវត្តន៍ពណ៌ ព្រមទាំងហ៊ានជេរប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរទៀតផង។

ដោយឡែក ប្រជាពលរដ្ឋដែលមានវ័យចំណាស់បានចូលរួមក្នុងទិវាមនុស្សចាស់ ១ តុលា ២០១៩ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា លើកឡើងថា យុវជនសម័យបច្ចុប្បន្នពិតជាសំណាងល្អជាងពួកគាត់ ដែលកាលពីពួកគាត់នៅវ័យក្មេង មានតែរងការឈឺចាប់ បាត់បង់ម្តាយឪពុក សាច់ញាត្តិ និងពុំមានរៀនសូត្រអ្វីឡើយ ព្រោះតែសង្រ្គាម។

ដូច្នេះពួកគាត់នឹងបន្តអប់រំ និងចែករំលែកបទពិសោធល្អៗជូនកូនចៅជំនាន់ក្រោយក្នុងមូលដ្ឋាន ឲ្យបានយល់ច្បាស់ពីរបៀបថែរក្សាសន្តិភាព ជៀសវាងជឿទៅលើការញុះញុង់របស់ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងដែលតែងប្រព្រឹត្តទង្វើបំពានច្បាប់ជាបន្តបន្ទាប់ប៉ះពាល់ភាពសុខសាន្ដរបស់ជាតិ និងពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនោះពលរដ្ឋ ក៏ថ្កោលទោសដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី បំផុសបំផុលចង់ផ្តួលរំលំរដ្ឋាភិបាល និងប្រមាថមើលងាយកិត្តិយសនាម អង្គមហាក្សត្រ។ 

បើតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បង្ហាញថា បច្ចុប្បន្នខេត្តមានមនុស្សចាស់ចាប់ពីអាយុ៥៥ឆ្នាំឡើងមានចំនួន៥.១២៦នាក់ ក្នុងនោះស្រី៣ពាន់ រីឯជនចាស់ជរាគ្មានទីពឹង១.១៥នាក់។ មនុស្សចាស់ទាំងនេះ ត្បិតខ្លះចូលនិវត្តន៍ការងារពិតមែន តែគាត់នៅតែបន្តសកម្មភាពជួយអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយមានកិច្ចគាំពារផ្នែកសេវាសុខុមាលភាពនានាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។


ជាមហាធំធេង ដែលក្នុងនាមជាអ្នកដឹកនាំ ជាអ្នកបន្តវេន ជំនាន់ក្រោយនេះ គឺដាច់ខាតត្រូវតែធ្វើការរៀនសូត្រ តាមនូវគំរូវីរភាពនៃការលះបង់ របស់ព្រឹទ្ធាចារ្យយើង ទើបលោកនិងក្រុមការងារ បានប្រារព្ធធ្វើពិធីនេះឡើង នាពេលនេះ។

មានមនុស្សចាស់តម្រង់ផ្លូវទើបមានយុវជនបោះជំហានត្រូវ ជាសសរទ្រូងដ៏រឹងមាំ និងប្រភពធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation