សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាន់បិណ្ឌទី១៣នៅវត្តបទុមវតីរាជវរារាមក្នុង រាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ក្នុងនាមជាពុទ្ធសាសនិកជន ដែលគោរពប្រតិបត្តិ និង គាំទ្រវិស័យព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយសទ្ធាជ្រះថ្លា នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវជាវេនកាន់បិណ្ឌទី១៣នៃពិធីបុណ្យភ្ជុំបិណ្ឌ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន ស៊ាងលី បានដឹកនាំបុត្រាបុត្រី និងបុត្រប្រសា មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គ្រី ទូច និងលោកជំទាវ លោកជំទាវ ប៊ុន សុថា លោកស្រី ប៊ុន សាមលែន និង ស្វាមី រួមជាមួយក្រុមគ្រួសារ ព្រមទាំងនិងថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញនាំ យកនូវទេយ្យទាន ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ និង បច្ច័យ ប្រគេន ព្រះសង្ឃ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តតាមប្រពៃណីទំនៀមទម្លាប់ និង គន្លងព្រះពុទ្ធសាសនា ដោយមានបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងធ្វើបទនមិសកាសមាទានសីល ជាកិច្ចរំលឹកនឹកដល់គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់តាមប្រពណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងពិសេសដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹង នូវ អនុត្តរៈ សម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏ វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ដែលពុទ្ធ ឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់ខ្ជាប់ នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល កសាងនូវកុសលទាន តម្កល់ទុកសម្រាប់ អនាគតជាតិ។

លើសពីនោះទៀត ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរពប្រតិបត្តិនិងដឹងគុណ ចំពោះបុព្វការីជន មាន មាតាបិតា ទាំង រូបលោក នៅមានអាយុសង្ខាក្ដី ឬមរណកាលទៅហើយក្ដី។បន្ទាប់ធ្វើបទនមស្ការបានចប់សព្វគ្រប់ សម្តេច នន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកនិងជាព្រះចៅអធិការវត្តបទុមវតី និង ព្រះសង្ឃព្រះសង្ឃជាច្រើនអង្គ បានភត្តានុមោទនា ព្រះសត្តប្ប ករុណាភិធ្មមបង្សុកូលជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា គ្រូឧប្ឈាយាចារ្យនិងញាតិការទាំង៧សណ្ដានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ជាពិសេសសូមឧទ្ទិសជូនវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី បិតាបង្កើតសម្តេច កិត្តិព្រឹទ្ធបណ្ឌិតដែលបានប្រតិស្ថាននៅឃុំរកាខ្នុរស្រុកក្រូចឆ្មារនេះនិងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី បុកបិតាមាតាបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ដែលបានធ្វើមរណកាលទៅហើយនោះ សូមវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លាងឃា្លតឡើយ។

មួយផ្នែកនៃកុសលផលបុណ្យ ដែល កើតឡើងក្នុងថ្ងៃនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏សូមឧទ្ទិសប្រគេននិងជូនព្រះវិញ្ញាណក្ខន្ធអតីតសម្ដចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ វិញ្ញាណក្ខន្ធវីរជន អ្នកស្នេហាជាតិ ដែលបានពលី ជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូតត្រង់ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីអាក់ខានឡើយ។ ក្រោយពីពិធីរាប់បាត្រ និងបានប្រគេនទេយ្យទាន ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ ដល់ព្រះសង្ឃរួច សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ក្រុមគ្រួសារ ក៏បានធ្វើ ទានជាមួយយាយជីតាជីស្នាក់នៅសិក្សាព្រះធម៌ក្នុងវត្ត និងពុទ្ធបរិស័ទដែលចូលរួមចំនួន២៥០នាក់ដោយម្នាក់ៗទទួលក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀលអំណោយសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមជម្រាបថា ៖ សម្រាប់បច្ច័យដែលទទួលបានក្នុងពិធីកាន់បិណ្ឌទី១៣នៃពិធីបុណ្យភ្ជុំបិណ្ឌដែលដឹកនាំដោយមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន ស៊ាងលីមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺសរុបមានចំនួន៤២លាន៨សែន៥ម៉ឺនរៀលក្នុងនោះបច្ច័យផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន២០លានរៀល និង២២លាន៨សែន ៥ម៉ឺនរៀលជាបច្ច័យរបស់សប្បុរសជននិងពុទ្ធបរិស័ទក្នុងបិណ្ឌ១៣នេះ និង២៧៨៧០(២ម៉ឺន៧ពាន់ ៨រយ៧០)ដុល្លារអាមេរិកក្នុងនោះ១ម៉ឺនដុល្លារជាបច្ច័យមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន ស៊ាងលីមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នេះបើតាមការប្រកាសរបស់អាចារ្យវត្តបទុមវតី ព្រះកុសុមារាម។


ហើយក៏សូមរំលឹកផងដែរថា ៖ ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យ ភ្ជុំបិណ្ឌនេះជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងប្រារព្ធឡើងតាំងពីបុរាណរៀងមក ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ ដោយចាប់ពីថ្ងៃ១រោចដល់១៤រោចហៅថាបិណ្ឌ១ដល់បិណ្ឌ១៤ដល់ថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ៕អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់  រូប ៖ ង៉ាន់ សំណាង



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation