រឿងពិតពីក្រោយការឃុបឃិតលក់ដីចម្ការស្រល់រាប់ហិកតារបស់រដ្ឋនៅមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឆ្លើយតបទៅនឹងការចុះផ្សាយបន្តបន្ទាប់របស់សារព័ត៌មានពាក់ព័ន្ធទៅនឹងការឃុបឃិតគ្នារបស់មន្ត្រីនិងឈ្មួញក្នុងការ កាន់កាប់លក់ដូរដីចម្ការស្រល់របស់រដ្ឋទំហំ២២៥ហិកតានៅក្នុងស្រុកអូររាំងនោះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីររៀបចំ ដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចោទ ការចុះផ្សាយទាំងនោះ ជាព័តមានមិនពិតដែលនាំឱ្យ សាធារណជនភាន់ច្រលំទៅវិញ។
ត្រឹមតែសេចក្តីជូនដំណឹងរបស់មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បែបនេះគ្រប់គ្រាន់ទេ ? ការឆ្លើយយករួចខ្លួនបែបនេះ អាចលាងខ្លួនឱ្យមន្ត្រីដែលឃុបឃិតគ្នារំលោភដីរដ្ឋនិងអាចទប់ស្កាត់បញ្ហាដីធ្លីមានប្រសិទ្ធភាពទេ? ហើយថាតើ អ្នកសារព័ត៌មានពិតជាបានចុះផ្សាយព័ត៌មានមិនពិតដូចការលើកឡើងឬក៏យ៉ាងណា? ជាពិសេស តើបើគ្មានភ័ស្តុតាង ក្នុងដៃ ក្រុមអ្នកសារព័ត៌មានហ៊ានថ្លើមធំបង្កើតរឿងធំបែបនេះ ដែរឫទេ?


ឆ្លើយតបនឹងសំណួរខាងលើនេះ CNC សូមរៀបរាប់អំពីដំណើររឿងនេះ និងសូមរំលឹកយកការផ្សាយជាបន្តបន្ទាប់ ដែលគេហទំព័រ យើងខ្ញុំ បានចុះផ្សាយចាប់តាំងពីថ្ងៃទី១៤ កុម្ភៈ រហូតមកដល់ពេលនេះ និងសូមភ្ជាប់ជូនជាមួយលិខិតស្នាម ផ្ទេរសិទ្ធិនិងកាន់កាប់ លើដីចម្ការស្រល់នោះដែរ ៖
ដីចម្ការស្រល់របស់រដ្ឋទំហំ២២៥ហិកតា ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើមណ្ឌលគិរី ស្ថិតនៅ ភូមិពូព្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មួយផ្នែកធំកំពុងប្រឈមនឹងការបាត់បង់ ហើយនឹងក្លាយទៅជាកម្មសិទ្ធិបុគ្គលបើសិនជាគ្មានចំណាត់ ការប្រសិទ្ធភាពទេនោះ ស្របពេលដែលតម្លៃដីធ្លីនៅខេត្តមណ្ឌលគិរីមានហាងឆេងខ្ពស់ ហើយត្រូវក្រុមឈ្មួញឃុបឃិតជាមួយ អាជ្ញាធរស្រុកអូររាំងលក់ទៅ ឲ្យអ្នកមានអំណាចបុណ្យស័ក្តិធំៗ និងថៅកែឧកញ៉ាជាច្រើននាក់។

ប្រភពព័ត៌មានច្បាស់ការណ៍ដែលទទួលបានពីមន្ត្រីក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដីចម្ការស្រល់នេះ ត្រូវបានដាំដោយអតីត ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរនកោដ្ឋ តាំងពីឆ្នាំ១៩៦០មកម៉្លេះ និងត្រូវបានរក្សាទុកមកទល់បច្ចុប្បន្ន ហើយបានដាំបន្ថែមដោយទាហានសឹករងខេត្តកាលពីអំឡុងឆ្នាំ២០០៥ លើផ្ទៃដីទំហំ២២៥ហិកតា ក្នុងស្រុកអូររាំង និងក្រុង សែនមនោរម្យ។
ប្រភពបន្តថា តាំងពីឆ្នាំ២០១៨រហូតដើមឆ្នាំ២០១៩នេះ ដីចម្ការស្រល់ទាំងនោះបានរងនូវការទន្ទ្រាន និងទិញលក់ជាបន្តបន្ទាប់ពី សំណាក់អ្នកមានអំណាច ដែលធ្វើឲ្យមន្ត្រីជំនាញពិបាកធ្វើការ។គេសង្កេតឃើញថា នៅខេត្តមណ្ឌលគិរីមួយរយៈចុងក្រោយនេះ មានក្រុមឈ្មួញរកស៊ីដីរាប់សិបនាក់ ខ្លះស្កាត់ពីភ្នំពេញ ខ្លះមកពីខេត្តឆ្ងាយ ដើររកប្រមូលទិញដីក្នុងទំហំផ្ទៃដីធំៗ ដើម្បីទុកលក់ឲ្យ ថៅកែចិន ឬឧកញ៉ាផ្សេងៗ ហើយដីដែលត្រូវប៉ាន់ជាងគេនោះគឺដីដែលមានទឹកអូរ មានភ្នំ មានព្រៃឈើ លក់បានថ្លៃកប់ពពក ដូច្នេះហើយទើបដីចម្ការស្រល់របស់រដ្ឋ ដែលមានព្រៃឈើ មានទឹកអូរ នឹងមានភ្នំស្រាប់នោះ បានក្លាយទៅជាសាច់ជ្រូកបីជាន់ របស់មន្ត្រីខិលខូចនឹងក្រុមឈ្មួញគក់ជេរដី សង្វាតបោះព្រំបង្គោលរបងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយឲ្យបងប្អូនជនជាតិដើម ភាគតិច អ្នកឈរឈ្មោះជាម្ចាស់ដី ដើម្បីលក់ទៅឲ្យអ្នកផ្សេង ជៀសវាងបង្កបញ្ហាដល់ខ្លួនឯង ។

ជុំវិញបញ្ហានេះ លោក នង ទុណ្ណារី អភិបាលស្រុកអូររាំងបានឲ្យដឹងថា វាមិនពិតនោះទេ ហើយដី ដែលគេលក់នោះ គឺជាដីរបស់ ប្រជាពលរដ្ឋ ដែលគាត់ចង់លក់គឺជាសិទ្ធិរបស់គាត់ ក្នុងនាមជាអាជ្ញាធរលោកបានត្រឹមសម្រប សម្រួលជូនពួកគាត់ប៉ុណ្ណោះ មិនអាចហាមឃាត់ឡើយ ចំណែករឿងលក់ដីដើមស្រល់នោះ គឺកាលពីមុនគេដាំដើមស្រល់ ប្រជាពលរដ្ឋបានតវ៉ាមិនឲ្យដាំ លើដីគាត់ តែអ្នកដាំនៅតែដាំលើដីនោះ ទើបបង្កទៅជាការយល់ច្រឡំថា មានអ្នកលួចលក់ដីចម្ការស្រល់ទៅវិញ ។

ចំណែកលោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ នឹងសុរិយោដី បានប្រាប់ថា នៅតំបន់នោះពិតជា មានការស្នើសុំឲ្យចុះបញ្ជីក្បាលដីពីសំណាក់ប្រជាពលរដ្ឋប្រាកដមែន ប៉ុន្តែមន្ទីរមិនទាន់បានចុះបញ្ជីឲ្យប្រជាពលរដ្ឋណាម្នាក់ឡើយ ។

ដោយឡែក លោកអ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានឲ្យដឹងថា ដីចម្ការស្រល់ទំហំ២២៥ហិកតា គឺគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើជាយូរមកហើយ ជាកម្មសិទ្ធិរបស់រដ្ឋ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ មានសិទ្ឋកាន់កាប់ដីនេះទេ ហើយ ចំពោះ សកម្មភាពអ្នកបោះបង្គោលកំណត់ព្រំដី នឹងអ្នកកំពុងកាន់កាប់លើដីចម្ការស្រល់ក្នុងស្រុកអូររាំង រដ្ឋបាលព្រៃឈើកំពុងរក ឯកសារពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតលើបុគ្គលដែលរំលោភលើដីរក្សាទុករបស់រដ្ឋ។ នាយខណ្ឌដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ ដីចម្ការស្រល់ទាំង២២៥ហិកតា គឺកំពុងរងនូវការរំលោភបំពានស្ទើរទាំងស្រុង ដូច្នេះមន្ត្រីជំនាញកំពុងដុតដៃដុតជើង ដើម្បីចាត់វិធានការរក្សាដីរដ្ឋទុកវិញ ដើម្បីការអវិវឌ្ឍន៍នៅថ្ងៃក្រោយ ។

តែបើតាមលោកសុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងតាំងពីថ្ងៃ១៣ កុម្ភៈ ឆ្នាំ២០១៩ នេះថា ដីចម្ការ ដើមស្រល់នេះ ពិតជាដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយកន្លងមក ដីចម្ការស្រល់ នេះ ត្រូវបាន រដ្ឋបាលព្រៃឈើ ធ្វើបុណ្យរុក្ខទិវា ដើម្បីរក្សានូវសម្បត្តិរបស់ជាតិ ហើយប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានដឹង ហើយ ចូលរួមពិធីនេះ ទៀផង មិនគួរណាអាជ្ញាធរស្រុកមិនជួយមើល មិនជួយហាមឃាត់ បែជួយសម្របសម្រួល ចេញប្លង់ឲ្យទៅវិញ ក្នុងបញ្ហានេះ លោកកំពុងចាត់មន្ត្រីជំនាញ តាមដាននិងស៊ើបអង្កេត យ៉ាងតឹងរ៉ឹង ដើម្បីរក្សាដីចម្ការស្រល់នេះជាទ្រព្យសម្បត្តិរបស់ រដ្ឋ ព្រោះដីចម្ការស្រល់បានដាំក្នុងអំឡុងឆ្នាំ ២០០៤ ចន្លោះ២០០៦ ។

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានឲ្យដឹងដែរថា លោកមិនគាំទ្រ អ្នកដែលទៅទិញ ទៅផ្ទេរ លក់ដីនេះទេ វានាំឲ្យយូរៗទៅ លែងមានដីបម្រុងរបស់រដ្ឋហើយ វាទៅជាដីកម្មសិទ្ធិឯកជន ហើយនាំឱ្យខូចដល់ដើមស្រល់ ដែលខំដាំតាំងពី យូរណាស់មកហើយ។ អភិបាលខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានបញ្ជាទៅមន្ទីរកសិកម្ម ហើយនិងរដ្ឋបាលព្រៃឈើខេត្ត ដែលមានមុខងារមើលលើការងារទាំងនោះ ។ លោកថា ចំការស្រល់នេះ យើងដឹងទាំងអស់គ្នា ហើយថា គឺជាការដាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយខាងទាហានខេត្តមណ្ឌលគិរី ជាអ្នកទទួលថវិកាពីក្រសួង យកមកធ្វើការដាំដើមស្រល់ទាំងអស់នេះ ហើយក្រោយមកមានការប្រគល់ឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មមណ្ឌលគិរី ជាអ្នកមើលថែ ។

តាមឯកសារផ្លូវការដែលCNCទទួលបាន ដីចម្ការស្រល់របស់រដ្ឋនេះ ពេលបច្ចុប្បន្ន គ្រាន់តែអភិបាលស្រុកអូររាំង មានចំណែកជា ម្ចាស់ដីនោះទំហំដល់ទៅ ៣ហិកតា និងមានដីកូនឯកឧត្តមទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីទៀត រួមទាំងដីអភិបាលរងស្រុកផង និយាយរួមសុទ្ធតែអ្នកចេះច្បាប់រំលោភលើច្បាប់ បានគ្នាលួចយកដីរដ្ឋរបស់រដ្ឋដែលជាចម្ការស្រល់កេរដំណែលព្រះបរមរតនកោដ្ឋ និងជាទ្រព្យរបស់រដ្ឋទៀតផង។

យោងតាមកំណត់ហេតុចុះត្រួតពិនិត្យរបស់ក្រុមការងារដឹកនាំដោយលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើចំណុះឲ្យមន្ទីរកសិកម្មខេត្ត នាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដើម្បីពិនិត្យឲ្យដឹងពិតប្រាកដថា ដីចម្ការស្រល់ជាង២២៥ហិកតា ត្រូវបានព័ទ្ធរបងហ៊ុមយកធ្វើជា កម្មសិទ្ធិក្រោមចុងប៊ិចអភិបាលស្រុក និងជាសមាជិកគណៈកម្មការទប់ស្កាត់បង្រ្កាបធនធានធម្មជាតិទៀតផងនោះ បានសង្កត់ធ្ងន់ ដោយការលើកឡើងរបស់លោក សារូ រតនា នាយរងខណ្ឌដោយអះអាងថា ការរំលោភកើតឡើងដោយសារ ហាងឆេងដីត្រូវប៉ាន់ ការយកឈ្នះអ្នកមានអំណាច មុខមាត់ តួនាទីមុខងារ ធ្វើជាឈ្នាន់ បន្លាចដល់អ្នកតូចតាច ហើយទន្រ្ទាន កាន់កាប់ដោយខុសច្បាប់ គ្មានកោតក្រែង ឬគោរពច្បាប់បន្តិចសោះឡើយ។ លោកនាយរងខណ្ឌបានបន្ទោសធ្ងន់ៗដល់អាជ្ញាធរដែលធ្វេសប្រហែស បណ្តោយឲ្យមានការរំលោភដីរដ្ឋក្នុងចម្ការស្រល់នេះបាន។

ដោយឡែកមន្រ្តីចាប់ពីកម្រិតថ្នាក់ភូមិឬមូលដ្ឋាន សមាជិកក្រុមប្រឹក្សាឃុំ និងមេបញ្ជាការសឹករងស្រុក បានត្រឹមឆ្លើយយករួចខ្លួន ប្រាស់អាយូសក្បាលនណាសក់អ្នកនោះ ជាពិសេសឆ្លើយបែបស្លុយថាមិនដឹង និងខ្លះឆ្លើយថាបោះរបងទុកឲ្យរដ្ឋជាដើម។

នេះជារឿងគួរអាមាស់មុខបំផុតដែលក្រុមមន្រ្តីរដ្ឋអនុវត្តច្បាប់នាំគ្នារំលោភច្បាប់ទាំងដឹងថាដីចម្ការស្រល់នៅស្រុកអូររាំងនេះជាគោលដៅទេសចរណ៍សំខាន់សម្រាប់ខេត្តមណ្ឌលគិរី ឬ មួយលោកអភិបាលស្រុកត្រូវបានដុល្លារសណ្តំឡើងងងឹតមុខមើលដីលែងដឹង ហើយ។

ចំពោះបញ្ហាពលរដ្ឋអ្នកឃើញទិដ្ឋភាពការបោះបង្គោលព័ទ្ធដីចម្ការស្រល់ បានលើកឡើងបែបរិះគន់ថាបើថ្នាក់អភិបាលស្រុក ហ៊ានចុះហត្ថលេខាលក់ដីរដ្ឋបែបនេះ មិនមែនជារឿងធម្មតាដែលលោកអភិបាលស្រុកចេះតែលើកចុងប៊ិចកម្ទិចដើមស្រល់ បានដោយចិត្តឯងនោះទេ ទំនងមានអ្នកតាស្រុកឱបដៃទើបអ្នកព្រៃហ៊ានចូល ហេតុនេះសូមឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីប្រជាជនទូទៅស្គាល់ថាជារដ្ឋមន្រ្តីដែនដីល្អពូកែដោះស្រាយរឿងដី មេត្តាចុះត្រួតពិនិត្យនិងយកមន្រ្តី គ្រាប់ល្ពៅនេះទៅស្ងោ ឲ្យទាន់ពេលវេលា រួមទាំងពួកគេបានដាក់បន្ទុកបញ្ហានេះទៅឲ្យលោករដ្ឋមន្រ្តីថែមទៀត។ ហើយប្រសិនដោះស្រាយមិនទាន់ពេលវេលាទេ ដីចម្ការស្រល់ប្រមាណជាង២២៥ហិកតានេះនឹងរលាយខ្ទេចដោយសារចុងប៊ិច របស់លោកប្រធានគណ:បញ្ជាការស្រុកជាក់ជាមិនខានឡើយ។

ផ្អែកតាមប្រភពរាយការណ៍ពីពលរដ្ឋនិងមន្ត្រីមូលដ្ឋាន ក្នុងនោះលោកញ៉ាង ម្យក់ មេភូមិពូហ្យាម បាននិយាយថា កាលពីមុន ខាងភូមិពិតជាបានចុះហត្ថលេខាទទួលស្គាល់ការកាន់កាប់ដីចម្ការ ដែលពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែងតាមចំណី អូរពិតមែន។ ប៉ុន្តែចំពោះការផ្ទេរផ្ទូរនិងការចូលចាប់យកដីក្រោយៗនេះគឺលោកពុំដឹងទេ។
ក្នុងនោះលោកតែម ភើត សមាជិកក្រុមប្រឹក្សាឃុំសែនមនោរម្យបានឱ្យដឹងថា កាងារគេបោះបង្គោលព័ទ្ធយកដីចម្ការស្រល់នោះ លោកពុំបានដឹងថាជារបស់នរណាទេ។

ជាមួយគ្នានោះមេបញ្ជាការផ្នែកសឹករងអូររាំងលោកខាត់ សាក់ បានបញ្ជាក់ថាចម្ការស្រល់មុខបន្ទាយយោធាលោក កាលពីមុន យោធា ជាអ្នកដាំ បន្ទាប់មកបានប្រគល់ឲ្យក្រសួងកសិកម្មដែលមានខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកថែរក្សា។ លោកថា លោកជា អ្នកបោះបង្គោល ដើម្បីសម្គាល់ថាដីនេះ ជាដីរបស់រដ្ឋនិងជួយកាពារទុកជាសម្បត្តិរួមតែប៉ុណ្ណោះ។ មុននិងបោះបង្គោលលោក ក៏បានឆ្លងយោបល់ថ្នាក់លើដែរ។ លោកមេបញ្ជាការបញ្ជាក់ថា ដី៥១ហិកតាដែលអាជ្ញាធរស្រុកអោយប្រជាពលរដ្ឋឈរឈ្មោះលក់ នោះគឺក្នុង១គ្រួសារបានប្រាក់១លានរៀលជាថ្នូរក្នុងការយល់ព្រមផ្តិតស្នាមមេដៃបញ្ជាក់ថាជាម្ចាស់កម្មសិទ្ធិ។

តែបើតាមលោកយឹម ព្រីយ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ថាលោកពុំដែលដឹងថាដីចម្ការស្រល់មានព្រំត្រឹមណានោះទេ ហើយស្នាក់ការសង្កាត់ពុំដែលមានផែនទីទុកមើលនោះឡើយ។ហើយកន្លងទៅថ្មីៗនេះលោកបានទាន់គេកំពុងបោះបង្គោលលើដីចម្ការស្រល់ចំណុចទីតាំងបុណ្យរុក្ខទិវាឆ្នាំ២០១៥។លោកបានសួរនាំម្ចាស់ដីដែលមានអំណាចម្នាក់ ហើយគេបាន ឆ្លើយថា ចង់ដឹងសួរទៅស្រុកទៅ។

ជាក់ស្តែងតាមការរកឃើញរបស់មន្រ្តីជំនាញដីទាំងនោះ មាន លោក នង ទុណ្ណារី អភិបាលស្រុកអូររាំងកាន់កាប់ខុសច្បាប់ ៣ហិកតា,លោក សៀក មុន្នី អភិបាលរងស្រុកមានក្បាលដី១០០ម៉ែត្រក្បាល និងដីកូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងដែនដី ក៏មានដោយបោះបង្គោលរួចជាស្រេចទៀតផង។
យោងតាមការស្រាវជ្រាវពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយ លោកសារ៉ូ រតនា នាយរងខណ្ឌ ដែលបានចុះទៅ វាស់វែងជាក់ស្តែងផ្ទាល់លើដីចម្ការស្រល់នោះគេពិនិត្យឃើញថា
-ចំណុចនិយាមការ ៧៣៧៥២៥១៣៦៦១៤៥ជាដីចម្ការស្រល់ដែលមានបាញ់ថ្នាំក្រហមសម្គាល់និង មានស្នាមទើបដក បង្គោលចេញវិញ។ ដីចំណុចនេះស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង។
-១៣៦៦៧៦៧(ដីជាប់ផ្លូវលំ)ជាដីចម្ការស្រល់ដែលមានបោះបង្គោលជាច្រើនដើម។ដីនេះស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរិរី។ដីនេះជាកម្មសិទ្ធិកូនឯកឧត្តមជា សុផារ៉ា។

-ចំណុចនិយាមការ៧៣៥៧៨៦-១៣៦៥២៩១ជាដីដែលមានក្បាល១០០មែត្រឈូសឆាយរួច៧០ម៉ែត្រ ជាដីរបស់លោកសៀក មុន្នីអភិបាលរងស្រុកអូររាំងដែលទិញពីឈ្មោះខុម និងឈ្មោះអ៊ិន កាំ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។
-ចំណុចនិយាមការ៧៣៤២៧៤-១៣៦៤៨៣៧ជាដីទំហំ៣ហិកតាជាកម្មសិទ្ធិរបស់លោកនង ទណ្ណារី អភិបាលស្រុកអូររាំង។


ក្រៅពីការបែកធ្លាយរឿងដីចម្ការស្រល់របស់រដ្ឋ ដែលលោកអភិបាលស្រុក និងអភិបាលរងស្រុកអូរាំង រួមនិងកូនឯកឧត្ដម ជា សុផារ៉ា មានដីក្នុងចម្ការស្រល់ ឥឡូវប្រភពបានទម្លាយរឿងអាស្រូវមួយទៀត ពាក់ព័ន្ធនឹងលោកលឹម សុខខេង ប្រធាន ភូមិបាល ស្រុកអូរាំង មានដីចម្ការស្រល់ ២៥ ហិកតា ជាប់របងសង្កាត់រដ្ឋបាលព្រៃឈើអូររាំងលក់ឲ្យទៅកូនឯកឧត្ដមរដ្ឋមន្ត្រីជា សុផារ៉ា និងសល់ដីចម្ការស្រល់ទល់មុខសង្កាត់ ៤២០ ម៉ែត្រទៀតដែរ។

យោងតាមលិខិតលេខ០១៣/១៩ ចុះថ្ងៃសុក្រ៦កើត ខែបុស្ស ឆ្នាំ ច ត្រូវថ្ងៃទី១១ មករា ឆ្នាំ២០១៩ របស់រដ្ឋបាលស្រុកអូររាំង ដែលមានសាក្សី និងចុះហត្ថលេខាបោះត្រា ដោយលោក នង ទណ្ណារី អភិបាលស្រុកនិងអ្នកលក់លោក លឹម សុខខេង ប្រធានភូមិបាល លើផ្ទៃដីចម្ការស្រល់ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យចំនួន២៥ហិកតា ជុំវិញបញ្ហារឿងរ៉ាងខាងលើ ដែលគេសង្កេតឃើញថា អ្នកដែលរំលោភយកដីចម្ការស្រល់របស់រដ្ឋ មកធ្វើជាកម្មសិទ្ធិ យើងមិនទាន់ឃើញមានចំណាត់ការ ណាមួយ មកលើបក្ខពួករំលោភយកដីរដ្ឋមកសាកសួរឬបំភ្លឺជុំវិញបញ្ហានេះ តែទោះបីជាយ៉ាងណាលោកអភិបាលខេត្តគឺ លោកមិនព្រងើយកន្តើយក្នុងរឿងនេះឡើយ ព្រោះសង្គ្រាមដីធ្លីកើតមានគ្រប់ទីកន្លែងដែលនាំការពិបាកដល់រដ្ឋាភិបាល ដែលជាអ្នកដោះបន្ទុកនេះ៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation