អាឡឺម៉ង់សន្យាជួយកំណែទម្រងដល់កម្ពុជាលើការគ្រប់គ្រងថ្នាក់ក្រោមជាតិ និងបញ្ហាមួយផ្សេងទៀត
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ណរបែត បាតល័រ (Norbert BARTHLE) សមាជិកសភា និងជារដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាលីម៉ង បានសន្យាថានឹងជួយធ្វើការកំណែទម្រង់ដល់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងថ្នាក់ក្រោមជាតិ និង បញ្ហាមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាឲ្យប្រជាជននិងប្រទេសកម្ពុជាមានការរីកចំរើនតទៅមុខទៀត។


ការសន្យារបស់ឯកឧត្តម ណរបែត បាតល័រ (Norbert BARTHLE) នេះគឺបានធ្វើឡើងនៅ ក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។


ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ ឯកឧត្តម
ឧត្តមសេនីយ៍ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះភាគីអាឡឺម៉ង់បានកោតសរសើរចំពោះការវិវឌ្ឍរបស់កម្ពុជា ហើយអាលីម៉ងនៅបន្តជួយ ដល់កម្ពុជាដដែលជាពិសេសលើការកែទម្រង់នៃការគ្រប់គ្រងថ្នាក់ក្រោមជាតិ បញ្ហាដីធ្លី និង ជួយបណ្តុះបណ្តាលដល់កម្ពុជាលើផ្នែកធនធានមនុស្សជាដើម។


ឧត្តមសេនីយ៍ឯកផាត សុផានិត បានបញ្ជាក់ដោយស្រង់សម្តីរបស់ឯកឧត្តម ណរបែត បាតល័រ(Norbert BARTHLE) ថា«រដ្ឋាភិបាលអាឡឺម៉ង់មានបំណងចង់ចូលរួមជាមួយ និងកិច្ចការវិវឌ្ឍន៍របស់កម្ពុជាក្នុងការធ្វើយ៉ាងណាបន្តពង្រីកបន្ថែមនូវសមិទ្ធផលអ្វីដែលកើតចេញពីសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែច្រើនឡើងនិងធំធាត់បន្ថែមទៀត»។


ជាមួយគ្នានោះដែរឯកឧត្តម ណរបែត បាតល័រ (Norbert BARTHLE) ក៏បានសម្តែងនូវការអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃសម្រេចបានកន្លងមកនេះ ហើយអាលីម៉ងសូមកោតសរសើរចំពោះទិសដៅនិងការប្តេជ្ញារចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានេះ។


ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេងក៏បានថ្លែងអំណរអគុណចំ ពោះរដ្ឋាភិបាលនៃសហព័ន្ធ
អាឡឺម៉ង់ ដែលបានយកចិត្តទុកដាក់ជួយដល់កម្ពុជាតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ។ ដោយសម្តេចអះអាងថា ការរីកចំរើនរបស់កម្ពុជារហូតដល់សព្វថ្ងៃនេះគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់អាលីម៉ងនោះឡើយ។ នេះបើតាមការឲ្យដឹង ពីលោកផាត សុផានិតដដែល។


ឧត្តមសេនីយ៍ឯកផាត សុផានិតបានបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ណរបែត បាតល័រ (Norbert BARTHLE)គឺមានគោលបំណងអញ្ជើញសម្តេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធអាឡឺម៉ង់នាពេលខាងមុខនេះដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើបន្ថែមទៀត៕អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation