ប្រមុខរដ្ឋវៀតណាមចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ របស់ ឯកឧត្តម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា លោក ​ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​ រយៈពេល២ថ្ងៃ ពី​​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩។

អំឡុងពេលអញ្ជើញមកដល់កម្ពុជា នៅល្ងាចនេះ ប្រធានរដ្ឋវៀតណាម បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា  នៅក្នុងព្រះបរមរាជវាំង។

ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផង។

សូមជម្រាបថា លោក Nguyen Phu Trong​ បុគ្គលទី១ ដែលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋ​វៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​​ នៅអាយុ​៦១ឆ្នាំ។

នេះជាទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានរដ្ឋផ្លូវការ៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation