សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំញេះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន​
| ព័ត៌មានជាតិ
SHARE

​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃពុធ ទី២៥ ខែកញ្ញាឆ្នាំ២០១៩នេះ បានអញ្ជើញជាកិត្តិយសក្នុងពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រព្រឹត្តទៅនៅអគារ City Hall នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ពិធីអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះផងដែរ គឺមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ជាពិសេសមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អបអរសាទរចំពោះខួប៧០ឆ្នាំនៃការបង្កើតសាធរណរដ្ឋប្រជាមាននិតចិន។ កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅទីក្រុងបានឌុងប្រទេសឥណ្ឌូណេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦។ ស្របពេលនោះដែរ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះបានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗដែលបានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០។

តាមរយៈទំនាក់ទំនងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើនដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ទន្ទឹមនឹងនេះ ការរីកច្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណេះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបណ្តាលប្រទេសក្នុងតំបន់ និងលើពិភពលោកទៀតផង។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវមួយ” ដើម្បីពង្រឹកភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប ឈ្នះ-ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះជាច្រើនទៀត ដែលកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ទាំងនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំញេះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ លទ្ធផលជាផ្លែផ្កាដែលយើងទទួលបាននាពេលកន្លងមក រួមទាំងការប្តេជ្ញាបន្តលើកកម្ពស់វិសាលភាពនៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។

​ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំញេះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងសហការីទាំងអស់ដែលបានខិតខំជំរុញ និងលើកស្ទួយទំនាក់ទំនងល្អរួមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើ និងជូនពរដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឱ្យទទួលបានសុខ ភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។ បន្ទាប់ មក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញពិសាអាហារសាគ្គីមិត្តភាពជាមួយថ្នាក់ ដឹកនាំកម្ពុជា-ចិន និងទស្សនាវីដេអូឯកសារអភិវឌ្ឍនៃប្រទេសចិន៕
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
រូបភាព៖ លោក អេង សុគុណ និងលោក លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation