សម្ដេចក្រឡាហោម ស ខេង ដឹកនាំ រដ្ឋមន្រ្តី៤ រូប បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំរដ្ឋមន្រ្តី៤ រូប បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ។

  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែកញ្ញានេះ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ និងការសិក្សាស្វែងយល់បន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

  សមាសភាពគណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួងអញ្ជើញបំពេញទស្សនកិច្ច រួមមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គ លេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ 

  ការដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ធ្វើឡើងតបតាមការអញ្ជើញជាផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

គួសបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាសមាជិកសភាសហព័ន្ធរបស់អាល្លឺម៉ង់ និងថ្នាក់ដឹកនាំ នៃបណ្តាក្រសួង-ស្ថាប័នសំខាន់ៗមួយចំនួន ដូចជា ក្រសួងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃសភាសហព័ន្ធអាល្លឺម៉ង់ ដោយផ្តោតសំខាន់ទៅលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ជាមួយគ្នានេះ  គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ក៏មានគម្រោងជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋសហព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានមួយចំនួន ដើម្បីស្វែងយល់ អំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពាក់ព័ន្ធ ទៅនឹងការគ្រប់គ្រងវិស័យសាធារណៈចាំបាច់នានាដូចជា អប់រំ សុខាភិបាល ព្រៃឈើ និងបរិស្ថានជាដើម។ 

សូមបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានក្លាយជាដៃ គូដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការដែលចូលរួមចំណែកគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើវិស័យ អាទិភាពមួយចំនួន រួមមាន ការអភិវឌ្ឍជនបទ សុខាភិបាល និងអភិបាលកិច្ច៕ដោយ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation