សម្តេចតេជោ ប្រាប់ឲ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់​ សិក្សារៀបចំ ច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ក្នុងទីក្រុង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ស្របពេលដែល បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ជាបញ្ហាសំខាន់មួយ របស់ប្រជាជន និងភ្ញៀវទេសចរ នាពេលបច្ចុប្បន្ន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ បានណែនាំឲ្យ ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់​ សិក្សារៀបចំ ច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ព្រមជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំទីក្រុងរបស់ខ្លួន ឲ្យមានសណ្តាប់ធ្នាប់ និងចំណតយានយន្តឲ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើរ។

​ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកទឹកចិត្ត ឲ្យ​ធ្វើយុទ្ធនាការទីក្រុងស្អាត : ទីក្រុងដែលមានសុវត្ថិភាព ចំណីអាហារ និងបានប្រកាសដាក់ឲ្យ អនុវត្តស្តង់ដារ វិថីម្ហបអាហារ​ ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដារទីក្រុងស្អាតផងដែរ។

ការលើកឡើងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានថ្លែងក្នុងឱកាស ពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ» អមជាមួយពិធីប្រគល់ជ័យលាភី រង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៣ និងជ័យលាភី ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី១។

​គួរជម្រាបថា បច្ចុប្បន្ន កំណើនប្រជាសាស្ត្រ និងកំណើនភ្ញៀវទេសចរ នៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយរបស់ពិភពលោក ហើយរាជរដ្ឋាភិបាល បានចាត់ទុក ទេសចរណ៍ គឺជាមាស បៃតង។ ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិ សរុប ចំនួន៦,២លាននាក់ កើនឡើង១១,៥% មកពី១១០ ប្រទេស ជុំវិញពិភពលោក។ នៅ ឆ្នាំ ២០១៩ កម្ពុជារំពឹង ថានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,៨ លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរអន្តរជាតិ អាចកើនឡើងដល់៧,៥លាននាក់ និង១៥លាននាក់ នៅឆ្នាំ២០៣០៕
( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព​)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation