ការគ្រប់គ្រងការប្រមូលចំណូលទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធសម្រេចបានជាង ១១៦% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៨។

ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យវឌ្ឍនភាព នៃអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៨ បានបង្ហាញថា ការអនុវត្តផែនការសកម្មភាពសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៨ សម្រេចបាន ៩០ភាគរយ ធៀបនឹងការអនុវត្តផែនការសកម្មភាពសរុប។ ក្នុងនោះ សមិទ្ធកម្មសម្រេចបានតាមផ្នែកនីមួយៗ នៃក្របខ័ណ្ឌ ផែនការសកម្មភាពរួម ដំណាក់កាល ទី៣ រួមមាន៖

-    ផ្នែកទី ១ “ភាពជឿទុកចិត្តនៃថវិកា” បង្ហាញថា ការគ្រប់គ្រងការប្រមូលចំណូលទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធសម្រេចបាន ១១៦,១% (ទិន្នន័យបណ្តោះអាសន្ន) ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨។ រីឯ ចំណាយសម្រេចបាន ៩៤,១% (ទិន្នន័យបណ្តោះអាសន្ន) ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨។

-    ផ្នែកទី ២ “ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ” បង្ហាញថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញ-វត្ថុសាធារណៈ ត្រូវបានពង្រីកបន្ថែមដល់ក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការកែសម្រួលប្លង់គណនេយ្យថ្មីឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានរៀបចំ និងដាក់ឱ្យអនុវត្តប្រកាសស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាទាំង ៧ រួមមាន៖ ១).ចំណាត់ថ្នាក់អង្គភាពប្រតិបត្តិ និងរដ្ឋបាល, ២). ចំណាត់ថ្នាក់ភូមិសាស្ត្រ, ៣).ចំណាត់ថ្នាក់សេដ្ឋកិច្ច, ៤).ចំណាត់ថ្នាក់កម្មវិធី, ៥).ចំណាត់ថ្នាក់មុខងារ, ៦).ចំណាត់ថ្នាក់គម្រោង និង ៧).ចំណាត់ថ្នាក់មូលនិធិ។

-    ផ្នែកទី ៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” សម្រេចបានតាមគោលដៅ ដែលក្រសួង-ស្ថាប័ន ចំនួន ៣៩ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធី។ រីឯ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធីចាប់ពីឆ្នាំ២០១៧-២០២១។

-    ផ្នែកទី ៤ “ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់” សម្រេចបាននូវឌ្ឍនភាពគួរឱ្យកត់សម្គាល់ រួមមាន៖ ផែនការសកម្មភាពលម្អិតគាំទ្រយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា២០១៨-២០២៥ ត្រូវបានរៀបចំគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្មត្រូវបានរៀបចំ និងមុខងារសវនកម្មផ្ទៃក្នុងនៃក្រសួង-ស្ថាប័នចំនួន ១៣ ត្រូវបានត្រួតពិនិត្យ។

-    ផ្នែកទី ៥ “ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព” មានវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍន៍សមត្ថភាពក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីរាជចំនួន ៨៥០ នាក់ មកពីក្រសួង-ស្ថាប័ន ។

សូមបញ្ជាក់ថា ដើម្បីតម្រង់ទិស និងគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកប ដោយជោគជ័យ និងចីរភាព, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបញ្ចប់ការរៀបចំឯកសារយុទ្ធសាស្រ្តសំខាន់ៗ ក្នុងត្រីមាស ទី១ នៃឆ្នាំ ២០១៩ រួមមាន យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រនៃ ការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣៕អត្ថបទ៖ ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation