ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ទទួលជួបប្រតិភូវិនិយោគិនជប៉ុនលើគម្រោងគ្រប់គ្រងបរិស្ថាន និងថែទាំសុខភាពនៅកម្ពុជា

image

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧ ចូលជួបពិភាក្សា ស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងការថែទាំមនុស្សចាស់នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រអ្នកវិនិយោគបរទេស រួមទាំងគម្រោងគ្រប់គ្រោងបរិស្ថាន ការការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា។


ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីលទ្ធភាពរៀបចំសំណើគម្រោងវិនិយោគនៅក្រោម "យន្តការឥណទានកាបូនរួមគ្នា" (Joint Crediting Mechanism: JCM)ផងដែរ។ គួរបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុង JCM តាំងពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងអនុវត្តដោយជោគជ័យនូវគម្រោង ដែលប្រើបច្ចេកវិទ្យាជប៉ុនទំនើបៗចំនួន៦ ទាក់ទងនឹងការបំភ្លឺផ្លូវសាធារណៈ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល ការការពារ និងអភិរក្សធនធានធម្មជាតិ។


ក្នុងជំនួបនេះ លោកប្រធានតំណាងក្រុមហ៊ុន Green Power Techno បានប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នូវម៉ាស៊ីនចំហេះក្រៅ "sterling engine" ចំនួន២គ្រឿង ហើយក្រុមហ៊ុន Angkor Bio Cogen បានប្រគល់ជូននូវវិញ្ញាបនបត្រឥណទានកាបូន ដែលមានតម្លៃ ២០០០ តោនសមមូលឧស្ម័នកាបូនិកផងដែរ៕