យុវតីឆ្នើមកម្ពុជាម្នាក់ទទួលបានជ័យលាភីវោហារឆ្នើម «Best Speaker» ក្នុងចំណោមយុវជន៣០រូប មកពីបណ្តាប្រទេសអាស៊ាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ទីបំផុតយុវតីឆ្នើមកម្ពុជា១រូប ក្នុងចំណោមយុវតីកម្ពុជាឆ្នើម៣រូប ដែលបានចេញទៅចូលរួមប្រកួតប្រជែកការតស៊ូមតិថ្នាក់តំបន់ របស់យុវជនអាស៊ានស្តីពី «សិទ្ធិមនុស្សក្នុងក្របខ័ណ្ឌអាស៊ាន ឆ្នាំ២០១៩» (AICHR Youth Debate on Human Rights) ទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានជយលាភីវោហារឆ្នើម «Best Speaker» ក្នុងចំណោមយុវជន៣០រូប មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន លើប្រធានបទចំនួន៥។

បន្ទាប់ពីទទួលបានជោគជ័យសម្រាប់ប្រជាជនកម្ពុជាទាំងមូលនៅលើឆាកតំបន់នោះ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ គណៈប្រតិភូយុវជនកម្ពុជា ដែលដឹកនាំដោយលោកស្រី ហ៊ាន ប៉ូលីណេ តំណាងកម្ពុជា ប្រចាំអាយឆា (អាយឆា-កម្ពុជា) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់លោក ប៊ូ គុយសេង អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

សម្រាប់យុវតីឆ្នើមកម្ពុជា ដែលទទួលបានជលាភីជាអ្នកមានវោហារឆ្នើម (Best Speaker) មួយក្នុងចំណោមបី ជ័យលាភី ពីយុវជនផ្សេងៗទៀត ប្រមាណជាង ៣០រូប មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានចូលរួមក្នុងការប្រកួតនេះ មានឈ្មោះ សុខ សូនីតា មកពីសាកលវិទ្យាល័យ AUPP។

បើតាមលោកស្រី ហ៊ាន ប៉ូលីណេ ឱ្យដឹងថា សម្រាប់លទ្ធផលនៃការប្រកួតប្រជែងនៅប្រទេសថៃ បានរកឃើញយុវជនឆ្នើមចំនួនប្រទេស៥ ក្នុងចំណោម១០ប្រទេស លើប្រធានបទចំនួន៥ រួមមាន៖ យុវតីរបស់កម្ពុជា ១រូប, យុវជនមកពីប្រទេសសិង្ហបុរី២រូប, យុវជនមកពីប្រទេសម៉ាឡេស៊ី១រូប និងយុវជនមកពីប្រទេសហ្វីលីពីន ១រូប។

យុវតី សុខ សូនីតា បានថ្លែងថា ឆ្លងតាមរយៈការប្រកួតប្រជែងរវាងយុវជនដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាននេះ ធ្វើឱ្យខ្លួនឯងព្រមទាំងយុវត្តីកម្ពុជា ចំនួន២រូបទៀត ទទួលបានបទពិសោធន៍លើចំណេះដឹងយ៉ាងច្រើន តាមរយៈព្រឹត្តិការណ៍នេះ ជាពិសេសលើចំណេះដឹងស្តីពី សិទ្ធិមនុស្ស ពីសំណាក់វាគ្មិន មានជំនាញផងដែរ។

យុវតីជយលាភីរូបនេះ បានបន្តថា ព្រឹត្តិការណ៍ ធ្វើឱ្យយុវជនក្នុងតំបន់អាស៊ាន បានប្រធ្វើការរួមគ្នា ដោយភាពស៊ីចង្វាក់ ដូច្នេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប សូមលើកទឹកចិត្ត ដល់យុវជនកម្ពុជាគ្រប់រូប ឱ្យបន្តការប្រឹងប្រែងសិក្សា និងចូលរួមបន្តទៀត ក្នុងការនាំជោគជ័យជូនចំពោះខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល។

តាមរយៈជយលាភីសម្រាប់ជាតិនេះ យុវតី សុខ សូនីតា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនធានមនុស្សរបស់កម្ពុជា បាននឹងកំពុងរីកដុះដាល ទៅមុខជាលំដាប់ ដោយយុវជនកម្ពុជាទាំងអស់ មានភាពក្លាហាន មនសិការស្នេហាជាតិ ក្នុងការចូលរួមប្រកួតប្រជែងមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិនានាផងដែរ។

គួរជម្រាបថា កម្ពុជាបានរកឃើញយុវតីឆ្នើមថ្នាក់ជាតិចំនួន៣នាក់ ដែលតំណាងឱ្យយុវជនកម្ពុជា សម្រាប់ចេញទៅប្រកួតប្រជែកការតស៊ូមតិថ្នាក់តំបន់ របស់យុវជនអាស៊ានស្តីពី «សិទ្ធិមនុស្សក្នុងក្របខ័ណ្ឌអាស៊ាន ឆ្នាំ២០១៩» (AICHR Youth Debate on Human Rights) ទីក្រុងបាងកក ប្រទេសថៃ រួមមានទី១៖ ឈ្មោះ សុង សុជាតា មកពីសាកលវិទ្យាល័យ Paragon, ទី២៖ ឈ្មោះ សុខ សូនីតា មកពីសាកលវិទ្យាល័យ AUPP និងទី៣៖ ឈ្មោះ ចេង ឧស្សាហ៍ មកពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាភូមិន្ទភ្នំពេញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation