កាហ្សាក់ស្ថាន៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ ស្ថាន។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ ប្រារព្ធធ្វើក្រោមមូលបទ “ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់យូរ៉ាស៊ា : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ” ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់អាសុី និងអឺរ៉ុប ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយ សភាឌូម៉ា សហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ហើយក៏ជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់មួយ សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម នៅក្នុងតំបន់ក៏ដូចជាពិភពលោកទំាងមូល។
កំលុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជួប ពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភានៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៦ លើកទី២ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសតួកគី ក្នុងឆ្នាំ២០១៨។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ នៅប្រទសរុស្ស៊ី និងលើកទី២ នៅសាធា រណរដ្ឋកូរ៉េ ផងដែរ។
គណៈប្រតិភូសភាកម្ពុជានិងវិល មកវិញនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩៕ដោយ៖ វង សុភ័ក្ត្រ