រដ្ឋមន្ត្រីកិច្ចការនារី គូសបញ្ជាក់ថា ចំនួននិស្សិតស្រីកម្ពុជា ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលី មានការកើនឡើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានសហការជាមួយស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលា ចែករំលែកព័ត៌មាន និងនីតិវិធីគន្លឹះ ដើម្បីទទួលបានអាហារូបករណ៍ នៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២០។ សិក្ខាសាលាដែលធ្វើឡើង ក្រោមអធិបតី​ភាព លោកជំទាវ​ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលីនេះ មានការចូលរួមពី មន្រ្តីមកពីក្រសួង-ស្ថាប័នចំនួន៣០ មន្ទីរកិច្ចការនារីទាំង២៥ខេត្ត-ក្រុង និងសាកលវិទ្យាល័យចំនួន៧​ នៅទីស្តីការក្រសួងកិច្ចការនារី។

មានប្រសាសន៍ នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ចំនួននិស្សិតស្រីកម្ពុជា ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលី មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ២០១៤ មានសិស្សស្រី តែ៣៦ភាគរយប៉ុណ្ណោះ ដែលទទួលបានអាហារូបករណ៍ ខណៈនៅឆ្នាំ២០១៩នេះ បានកើនឡើងមកដល់៤៣ភាគរយ។

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានផ្តាំផ្ញើឲ្យអ្នកដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលីនេះ ខិតខំប្រឹងប្រែង ក្រេបយកចំណេះដឹង ពីប្រទេសជឿនលឿន ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ ក្នុងការចូលរួមអភិវឌ្ឍនមាតុភូមិខ្លួនវិញ។

នៅក្នុងសិក្ខាសាលានេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា អេជេឡា កូកូរាន់ បានមានប្រសាសន៍ថា កម្មវិធីអាហារូបករណ៍អូស្ត្រាលី គឺជាឱកាសដ៏វិសេសវិសាល និងមានការប្រកួតប្រជែងខ្ពស់ ដើម្បីបានទៅសិក្សាកម្រិតក្រោយឧត្តម ឬថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យមួយ ក្នុងចំណោមសកលវិទ្យាល័យជាច្រើន នៅអូស្ត្រាលី លើជំនាញណាមួយ ដែលនឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

គួររំលឹកថា គិតចាប់តាំងពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលអូស្ត្រាលី បានឧបត្ថម្ភនិស្សិតកម្ពុជា ជាង៨០០នាក់ ឲ្យបន្តការសិក្សានៅប្រទេសអូស្ត្រាលី លើជំនាញគណនេយ្យ កសិកម្ម វិស្វកម្ម សុខភាព ច្បាប់ និងជំនាញផ្សេងទៀត តាមរយៈអាហាររូបករណ៍ របស់ប្រទេសអូស្ត្រាលី។ កម្មវិធីអាហារូបករណ៍អូស្ត្រាលី សម្រាប់កម្ពុជា បានបន្តកេរ្តិ៍ដំណែលនេះ រហូតមកដល់សព្វថ្ងៃ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation