ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានស្រកចុះក្រោមចំណុចប្រកាសប្រុងប្រយ័ត្ន ហើយផ្លូវគោកមួយចំនួនអាចធ្វើដំណើរវិញបាន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បន្ទាប់ពីទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានបន្តឡើងខ្ពស់ដល់កំពស់១៥.៧៥ម៉ែត្រ ហើយនៅក្នុងរយះពេល១សប្តាហ៍ចុងក្រោយនេះទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានបន្តស្រកចុះជាប់ៗគ្នាក្រោមចំណុចប្រកាសប្រុងប្រយ័ត្ន១៥.២០ម៉ែត្រ ហើយចំពោះ ស្ថានភាពទឹកទន្លេមេគង្គក្នុងថ្ងៃនេះទឹកមានកំពស់១៤.៥៣ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក០.២៣ម៉ែត្រ។ ស្ថានភាពកំពស់ទឹកនាពេលនេះបានធ្វើឲ្យផ្លូវគោកមួយចំនួនអាចដំណើរចរាចរណ៍បានវិញជាបណ្តើរៗ ប៉ុន្តែផ្លូវគោកមួយចំនួននៅតាមភូមិនានាស្ថិតនៅក្នុងស្រុកកំពង់សៀម ស្រុកកោះសូទិន និងបណ្តាស្រុកមួយចំនួនទៀតជាប់ដងទន្លេមេគង្គក៏នៅតែបន្តលិចលង់និងកំពុងធ្វើដំណើរតាមទូក ឫសាឡាងនៅឡើយ។

ស្របពេលដែលទឹកទន្លេមេគង្គឡើងក្នុងឆ្នាំ២០១៩នេះដែរបើយោងតាមរបាយការណ៍ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមគិតត្រឹមថ្ងៃ១៧កញ្ញាឆ្នាំ២០១៩នេះបានបញ្ជាក់ថានៅក្នុងខេត្តកំពង់ចាមមានប្រជាពលរដ្ឋចំនួន២៩,២៨៦គ្រួសារស្ថិតនៅក្នុងស្រុកចំនួន៨ និងក្រុង១បានទទួលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ។ផ្ទះប្រជាពលរដ្ឋចំនួនជាង២ម៉ឺន២ពាន់ផ្ទះបានលិចនិងផ្ទះចំនួន៦២ខ្នងបានបង្ខំចិត្តរុះរើ។ ដោយឡែកចំពោះផ្លូវសរុបជាង២០០គីឡូម៉ែត្របានជន់លិច រួមទាំងវត្ត៥១កន្លែង  វិហារឥស្លាម០៧កន្លែង  សាលារៀន៧៣កន្លែង មណ្ឌុលសុខភាព០៥កន្លែងបានទទួលរងការផលប៉ះពាល់ មិនតែប៉ុណ្ណោះដំណាពោត ១៦ហិកតាបានខូចខាត និងដំណាំរួមផ្សំចំនួន១៥០ហិកតាបានលិចលង់។

ទន្ទឹមទឹកទន្លេមេគង្គបានឡើងនិងស្រកទៅវិញក្រោមចំណុចប្រកាសប្រុងប្រយ័ត្ននេះដែរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះឲ្យទាន់ពេលវេលា។

ក្នុងនោះមន្ទីរសុខាភិបាលខេត្ត បានចាត់មន្ត្រីសុខាភិបាល ចុះពិនិត្យសុខភាពប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ។ ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់ម៉ាស៊ីនបូមទឹកចំនួន០៣កន្លែងដើម្បីបូមរំដោះទឹកចេញពីក្រុងកំពង់ចាម និងបានចាត់មន្ត្រីជំនាញប្រចាំការ ២៤/២៤  ម៉ោង។ 

ចំពោះកងកម្លាំងប្រដាប់អាវុធបានត្រៀមប្រចាំការ និងចេញអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ, សត្វពាហនៈនៅកន្លែងរងគ្រោះមកកាន់ទីកន្លែងសុវត្ថិភាពដែលបានបម្រុងទុក រីឯមន្ទីរ-អង្គភាពជុំវិញខេត្តដែលជាសមាជិកគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង៕ដោយ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation