សម្តេចតេជោ នឹងបំពេញទស្សនៈកិច្ចផ្លូវការ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន២ នៅខែវិច្ឆិកាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ នៅវិមានសន្តិភាព បានអនុញ្ញាតឲ្យ លោកបណ្ឌិត វ៉ុន មូកលី (Won Mook Lee) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកន់យ៉ាង និងលោកបណ្ឌិត ហ៊ី ស៊ូគីម (Hee Soo Kim) ស្ថាបនិកមូលនិធិអប់រំកន់យ៉ាង របស់ប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

បើតាមប្រសាសន៍ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកបណ្ឌិត បាន ​រាយការណ៍ ជូនសម្ដេចថា កាលពីថ្ងៃម្សិលមិញនេះ លោកបានទៅទស្សនកិច្ច នៅមន្ទីរពេទ្យព្រះអង្គដួង ជាពិសេសគឺមជ្ឈមណ្ឌលព្យាបាលភ្នែក ដែលជួយតាមរយៈអង្គការ Koica របស់​កូរ៉េ។ លោកបានជម្រាបជូន សម្ដេចផងដែរថា លោកបានទៅទស្សនកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយសារតែកន្លងមក លោកមានកិច្ចសហការ ជាមួយសាកលវិទ្យាល័យ ក៏ដូចជាមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។

សម្ដេច បានអរគុណដល់លោកបណ្ឌិត ហើយបានលើកទឹកចិត្ត ឲ្យបន្តជួយដល់មន្ទីរពេទ្យ​ ក៏ដូចជាសាកលវិទ្យាល័យរបស់កម្ពុជា ជាពិសេសការបណ្ដុះបណ្ដាល សមត្ថភាព របស់វេជ្ជបណ្ឌិតកម្ពុជា។សម្តេចបានគូសបញ្ជាក់ផងដែរ អំពីការយកចិត្តទុកដាក់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនពិការ ជាពិសេសជនពិការភ្នែក និងជំងឺគថ្លង់ ដោយមានអង្គការ​គ្រួសារថ្មី ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យមួយនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការព្យាបាល​ និងការបង្ការជំងឺមួយចំនួន ជាពិសេសគឺការព្យាបាលជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណុស​ជាដើម។
សម្តេចបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជំងឺរបេង ជំងឺគ្រុនចាញ់ ដោយនឹងលុបបំបាត់ឲ្យអស់ នៅក្នុងឆ្នាំ ២០២៥ខាងមុខ។ សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគនិងបន្តវិនិយោគជាច្រើន លើវិស័យសង្គមកិច្ច ដោយបានផ្ដល់ថវិកាជាតិ ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាលនេះ។

សម្តេចក៏លើកឡើង អំពី​គ្រោងដែលសម្តេច នឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំចំនួន២ គឺទី១កិច្ចប្រជុំកំពូលអនុស្សាវរីយ៍ កូរ៉េ-អាស៊ាន និងកិច្ចប្រជុំទី២ គឺកិច្ចប្រជុំ​កំពូលមេគង្គ-កូរ៉េ ដែលនឹងធ្វើឡើង ​នៅទីក្រុងប៊ូសាន នៅខែវិច្ចិកា ឆ្នាំ២០១៩ពេលខាងមុខនេះ។ នៅអំឡុងពេលទស្សនៈកិច្ចនោះ ​សម្ដេចក៏មានគម្រោង ទស្សនៈកិច្ចទៅកាន់សាកលវិទ្យាល័យកន់យ៉ាង ហើយគ្រោងជួបជាមួយ​ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េផងដែរ៕ អត្ថបទ ៖ សន​ ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation