គម្រោងកសាងផ្លូវនិងស្ពានឆ្លងកាត់ដៃព្រែកកំពតនឹងចាប់ផ្ដើមកសាងថ្មីឡើងវិញចុងឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖បន្ទាប់ពីបានមើលឃើញនូវការលំបាកទាំងការធ្វើចរាចរដឹកជញ្ជូនទំនិញក៏ដូចជាការធ្វើដំណើរឆ្លងកាត់រួមនឹងការឆ្លើយតបនូវសំណូមពរជាចាំបាច់របស់ប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តកំពតបានជំរុញការអនុវត្តនូវគម្រោងការកសាងផ្លូវនិងស្ពានថ្មីដែលឆ្លងកាត់ដៃព្រែកកំពតស្ថិតក្នុងសង្កាត់ត្រើយកោះក្រុងកំពតដែលអាចនឹងត្រូវចាប់ដំណើរការកសាងឡើងនៅចុងឆ្នាំ២០១៩និងដើមឆ្នាំ ២០២០ខាងមុខនេះហើយ។នេះបើផ្អែក តាមការអោយដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់របស់រដ្ឋបាលខេត្តដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ មួយចំនួនក្នុងខេត្តនិងអាជ្ញាធរក្រុងសង្កាត់ទាំង៥នៃក្រុងកំពត ក្រោមកិច្ចដឹកនាំអង្គប្រជុំរបស់ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើការចូលរួមពិភាក្សាផ្ដល់មតិយោបល់ពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងនិង សង្កាត់ ស្ដីអំពីផលប៉ះពាល់នៃការអនុវត្តគម្រោងកសាងស្ពាននិងផ្លូវ ពិសេសបញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជាប់ សង្ខាងផ្លូវនៃក្បាលស្ពានដែលត្រូវសាងសង់នេះ។
គម្រោងស្ពាននេះដែរគឺធ្វើឡើងពីបេតុងដែលមានទទឹង១០ម៉ែត្រ បណ្ដោយ៧៥ម៉ែត្រគឺជាគម្រោងប្រើប្រាស់ថវិកា របស់ រាជរដ្ឋាភិបាលផ្ដល់តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនដែលនឹងត្រូវចាប់ផ្ដើមកសាងនៅដើមឆ្នាំ២០២០ខាងមុខនេះ។

ដោយឡែក នៅក្នុងកិច្ចប្រជុំនេះដែរ ក៏នឹងបានពិភាក្សានូវបញ្ហាសំខាន់ៗមួយចំនួនរកនូវដំណោះស្រាយពីផលប៉ះពាល់ ដើម្បីចាប់ដំណើរការកសាងផ្លូវបេតុងថ្មីមួយខ្សែឡើងវិញបន្ថែមទៀតនៅចុងឆ្នាំ២០១៩នេះដែលផ្លូវនេះមានទទឹង១០ម៉ែត្រ ប្រវែង៧៦០ម៉ែត្រជាគម្រោងថវិការបស់រដ្ឋបាលខេត្តកំពតស្ថិតតាមបណ្ដោយស្ពានត្រើយកោះនេះដែលនឹងត្រូវកសាងថ្មីឡើងវិញផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្ដមជាវ តាយអភិបាលខេត្តបានណែនាំជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង សង្កាត់ សូមអោយរួមសហការគ្នាបានល្អ ដោយសិក្សាអោយបានច្បាស់លាស់ពីផលប៉ះពាល់ ដើម្បីធ្វើរបាយការណ៍ជាក់លាក់ បញ្ជូនទៅថ្នាក់ជាតិអោយបានឆាប់រហ័ស នឹងដើម្បីបានដំណើរការកសាងស្ពានបេតុងនេះអោយបានហើយលឿនរហ័យដើម្បី សំរួលដល់ការធ្វើចរាចរជូនដល់ប្រជាពលរដ្ឋក្នុងតំបន់នេះក៏ដូចជាការដឹកជញ្ជូននូវទំនិញផ្សេងៗឆ្លងកាត់ផងដែរ។

ជាមួយឱកាសនោះដែរដើម្បីធ្វើអោយសោភ័ណភាព អានាម័យបរិស្ថានក្នុងក្រុងកំពតបានកាន់តែល្អប្រសើរត្រៀមលក្ខណៈ អបអរពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៩នេះឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អោយបានសស្រាក់សស្រាំបន្ថែមទៀត ដោយត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងមូលដ្ឋាន សង្កាត់នីមួយៗរបស់ខ្លួនផងដែរ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅក្នុងឱកាសនោះឯកឧត្ដម ជាវ តាយអភិបាលខេត្ត រួមសមាជិកកិច្ចប្រជុំ ក៏បានអញ្ជើញចុះទៅពិនិត្យស្វែងយល់ អំពីស្ថានភាពផ្លូវ និងស្ពានដែលមានការខូចខាត ទ្រុឌទ្រោមដើម្បីធ្វើយ៉ាងណានៅក្នុង ដំណាក់ កាលនៃដំណើរការកសាងនេះធ្វើអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់អោយបានរលូនផងដែរ។

គួរបញ្ជាក់ថា ផ្លូវនិងស្ពានចាស់ដែលនឹងត្រូវដំណើរការជួសជុលកសាងថ្មីឡើងវិញនេះគឺជាស្ពានប្រភេទដែកបាឡេ និងផ្លូវបេតុង ដោយបានឆ្លងកាត់ក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើកោះក្រុងកំពត។ ហើយផ្លូវនិងស្ពាននេះមានសារៈសំខាន់ក្នុងការ រួមចំណែកដល់ការធ្វើចរាចរនូវរថយន្តធុនធំដឹកទំនិញឆ្លងកាត់ក្នុងតំបន់នេះ។ប៉ុន្តែបច្ចុប្បន្នផ្លូវនិងស្ពាននេះមានស្ថានភាពដល់ដំណាក់កាលខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំងដែលមិនអាចអោយរថយន្តដឹកទំនិញប្រភេទធុនធំឆ្លងកាត់បានឡើយ។

ដោយមើលឃើញពីសារៈសំខាន់និងការលំបាករបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់អាជ្ញាធរខេត្តកំបតបានខិតខំជំរុញដើម្បីអោយការកសាងស្ពាននិងផ្លូវនេះបានសម្រេចបានឆាប់ៗខាងមុខនេះផងដែរ៕ ដោយ៖ ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation