​សៀវភៅ​ជា​ភាសាខ្មែរ​រឿង "​មហាភារតៈ" ត្រូវបាន​ផ្សព្វផ្សាយជាផ្លូវការនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(​ភ្នំពេញ)៖ នា​ព្រឹក​ថ្ងៃសៅរ៍ ១២កើត ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌាប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​ជា​ភាសាខ្មែរ​រឿង "​មហាភារតៈ" នៅ​ក្នុង​អគារ​សហ​សិក្សា​ (សាល​ដំបូលទូក)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ពិធី​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា ។

សៀវភៅ​ជា​ភាសាខ្មែរ​រឿង "​មហាភារតៈ" ត្រូវបាន​បកប្រែ​ដោយ​លោកសាស្ត្រាចារ្យ ធន់ ហ៊ិន ដែលលោកសាស្ត្រាចារ្យរូបនេះ ធ្លាប់បានចងក្រងស្នាដៃឯកសារជាភាសាខ្មែរ និង រឿងជាភាសាខ្មែរជាច្រើនរឿងរួចមកហើយនាពេលកន្លងមកដូចជា សៀវភៅរឿង រាមាយណៈ សៀវភៅរាជស័ព្ទខ្មែរ សៀវភៅវេយ្យាករណ៍ខ្មែរ វចនានុក្រមពាក្យចួន សៀវភៅអភិសមាចារ និងសៀវភៅផ្សេងៗជាច្រើនទៀត ។ និងសៀវភៅផ្សេងៗមួយចំនួនទៀត ។

សូមបញ្ជាក់ថា សៀវភៅសង្ខេបរឿងមហាភារតៈនេះ ក៏ធ្លាប់ត្រូវបានបកប្រែពីភាសាថៃ មកភាសាខ្មែរ និងបោះពុម្ពនៅឆ្នាំ ១៩៦៦ ដោយលោកទេពពិទូរ ឈឹម ក្រសេម តែដោយសារសេចក្តីសង្ខេបខ្លីពេក ទើបធ្វើឱ្យអ្នកដែលអានរឿងនេះហើយ មិនអាចយល់ និងបកស្រាយបាននូវរូបចម្លាក់សិល្បៈដែលបុព្វបុរសខ្មែរបានបន្សល់ទុកនោះទេ ។ សៀវភៅរឿងមហាភារតៈ ដែលបកប្រែជាភាសាខ្មែរ ដោយលោកសាស្ត្រាចារ្យ ធន់ ហ៊ិន នឹងជួយបកស្រាយនូវចំងល់ទាំងឡាយ ទាក់ទងទៅនឹងសាច់រឿងមហាភារតៈ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាមរយៈស្នាដៃសិល្បៈដ៏ប្រណីតតាំងពីសម័យអង្គរ ។

គួររំលឹកថា មហាកាព្យមហាភារតៈមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជាតាំងតែពីមុនសម័យអង្គរ និងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅសម័យអង្គរ ។ រឿងនេះក៏មានប្រជាប្រិយភាពមិនចាញ់រឿងរាមកេរ្តិ៍ប៉ុន្មានដែរ នៅសម័យអង្គរ ដែលយើងអាចមើលឃើញតាមរយៈរូបចម្លាក់នៅប្រាសាទចិន នៅកោះកេរ នៅប្រាសាទបន្ទាយស្រី នៅប្រាសាទបាភួន និងនៅប្រាសាទអង្គរ ។ តែនៅសម័យក្រោយរឿងនេះត្រូវបានបាត់បង់ទាំងស្រុងពីសង្គមខ្មែរ ដោយពុំត្រូវបានចងចាំដូចរឿងរាមកេរ្តិ៍ ដែលនៅសេសសល់ទាំងបែបរឿងនិទាន គំនូរ និងល្ខោន នោះទេ នេះជាហេតុធ្វើឱ្យសព្វថ្ងៃមានជនជាតិខ្មែរយើងមិនច្រើននោះទេ ដែលដឹងពីរឿងមហាភារតៈនេះ ហើយចំនួនអ្នកដែលអាចបកស្រាយពីស្នាដៃសិល្បៈខ្មែរតាំងពីសម័យអង្គរទាក់ទងទៅនឹងរឿងនេះ ក៏កាន់តែមានតិចទៅទៀត ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation