ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ពីប្រតិបត្តិការតាមរកជនរងគ្រោះដែលបាត់ខ្លួនដោយសារដីភ្នំបាក់សង្កត់

image

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា នៅថ្ងៃនេះ កម្លាំងចម្រុះ២៥នាក់ ដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានបន្តប្រតិបត្តិការរុករកប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលបានបាត់ខ្លួន នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ដោយសារតែពលរដ្ឋខ្មែរទាំង២រូបនេះ បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន​ និងកំពុង សហការជាមួយភាគីថៃ ដើម្បីរុករកជនរងគ្រោះផងដែរ។

ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈដែលក្រុមការងារ កំពុងតែមមាញឹកក្នុងប្រតិបត្តិការរុករក។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ មានពលរដ្ឋ៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន។

សូមជម្រាបថា កាលនៅថ្ងៃទី១៧កញ្ញា២០១៩ កម្លាំងយោធាភូមិភាគទី៥ និងប្រជាពលរដ្ឋសាច់ញាតិរងគ្រោះជាង ២០នាក់ បានទៅរុករកជីកគាស់ទីតាំងកើតហេតុ បានរកឃើញពោះវៀន និងស្បែកជើង របស់ជនរងគ្រោះ តែនៅមិនទាន់ឃើញសាកសពនៅឡើយទេ៕