ថ្នាក់ដឹកនាំនិងអាជ្ញាធរខេត្តបាត់ដំបងបន្តអន្តរាគមន៍ជួយពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅស្រុកសំឡូត
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ឯកឧត្តម ហឿង សុគន្ធ អភិបាលស្តីទីខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរស្រុកនិងសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួនទៀត បានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបនឹងគ្រោះទឹកជំនន់ទឹកភ្លៀងយ៉ាងគំហុក ដែលបានបង្កឲ្យស្ពានយោលចំនួន២ខ្សែ ស្ពានឈើ២កន្លែងនិងផ្លូវថ្នល់ត្រូវកាត់ផ្តាច់ ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមានជ្រូក គោ មាន់ និងដំណាំដាំដុះផ្សេងៗទៀតត្រូវទទួលរងនូវការខូចខាតអស់ ។ 

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរងគ្រោះនៅក្នុងឃុំតាតោក បានឲ្យដឹងថា នេះគឺជាលើកទី១ហើយសម្រាប់ជីវិតរស់នៅរបស់គាត់ ទើបនឹងជួបប្រទះនូវជំនន់ទឹកភ្លៀង ដែលមានសន្ទុះលឿនខ្លាំងក្លាបែបនេះ ហើយហូរមកយ៉ាងគំហុក ធ្វើឲ្យពួកគាត់ប្រមូលទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមមិនទាន់ ដោយរត់គេចយកតែរួចខ្លួនសឹងមិនទាន់ផង ។ ពួកគាត់បានបង្ហាញថា ស្ថានភាពទឹកភ្លៀងដែលបានធ្លាក់មកមានរយៈពេល២ថ្ងៃ ២យប់ជាប់គ្នាគឺនៅថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ហូរមកខ្មួលខ្មាន់និងមានកម្លាំងខ្លាំងក្លាថែមទៀតផង  តែរហូតមកដល់នឹងពេលបច្ចុប្បន្ន ស្ថានភាពជំនន់ទឹកភ្លៀងនេះបានស្រកជិតអស់ទៅហើយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានភាពធូរស្រាលខ្លះហើយ ។

នៅចំពោះមុខបញ្ហានៃគ្រោះមហន្តរាយនេះ អាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានដឹកនាំយកអំណោយមនុស្សធម៌របស់់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ជនងាយរងគ្រោះដោយគ្រោះធម្មជាតិក្នុងស្រុកសំឡូត ចំនួន១២៩គ្រួសារ ដែលមកពីឃុំកំពង់ល្ពៅចំនួន៦១គ្រួសារ ឃុំតាតោកចំនួន៣៣គ្រួសារ និងឃុំតាសាញចំនួន៣៥គ្រួសារ ហើយពិធីផ្តល់អំណោយនេះបានធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ។

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន និងឯកឧត្តម ហឿង សុគន្ធ  បានសំដែងនូវការសោកស្តាយចំពោះស្ថានភាពនៃ គ្រោះធម្មជាតិទឹកជំនន់ដ៏អាក្រក់នាពេលនេះជាពន់ពេក ដែលបានធ្វើឲ្យស្ពានយោលចំនួន២ខ្សែស្ពានឈើ២ កន្លែង រួមជាមួយនឹងផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនទៀត ព្រមទាំងដំណាំផ្សេងៗទៀត ត្រូវបានបំផ្លាញឲ្យខូចខាតទាំងស្រុង ។ 

ឯកឧត្តម បាននាំយកបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែនឹកគិតពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពីវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ត្រូវមើលថែទាំក្មេងតូចៗកុំឲ្យទៅលេងទឹក ជៀសវាងលង់ទឹក ដែលនាំឲ្យគ្រួសារមានវិប្បដិសារីនៅថ្ងៃក្រោយ ។ 

ឯកឧត្តមប្រធាន បានលើកទឹកចិត្ត សូមឲ្យបងប្អូនទាំងអស់កុំអស់សង្ឃឹម និងបោះបង់ចោលផ្ទះសម្បែង ដីស្រែចម្ការឱ្យសោះ នៅពេលទឹកស្រកទៅវិញសូមបងប្អូនប្រកបរបរចិញ្ចឹមជីវិតនិងបង្កបង្កើនផលដំណាំឡើងវិញ៕ដោយ៖ឡាច សុគន្ធាវី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation