អភិបាលខេត្តកំពតនាំស្រូវពូជចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកកំពង់ត្រាច
| ព័ត៌មានជាតិ
SHARE

កំពត៖ ពូជស្រូវប្រភេទសែនក្រអូបដែលមិនប្រកាន់រដូវមានចំនួន ៥៦,៨០តោន របស់រាជរដ្ឋាភិបាលផ្ដល់តាមរយៈ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់ជូនតាមសំណើរបស់រដ្ឋបាលលខេត្តកំពត។

នៅព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបាននាំយកទៅ ចែកជូនគ្រួសារប្រជាកសិករដើម្បីស្ដារផ្ទៃដីលើដំណាំស្រូវឡើងវិញ ដែលរងការខូចខាតបំផ្លិចបំផ្លាញដោយទឹកជំនន់កន្លងទៅនៅក្នុងឃុំមួយចំនួននៃស្រុកកំពង់ត្រាចខេត្តកំពត។ពិធីចែកស្រូវពូជនេះ បានធ្វើឡើង នៅវត្តអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ក្រោមវត្តមានអធិបតីឯកឧត្ដម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត។

លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថា៖ខេត្តកំពត ឆ្នាំនេះមានផលប៉ះពាល់ដោយជំនន់ ទឹងភ្លៀង តិចតួចនៅក្នុងក្រុង ស្រុក ចំនួន០៣គឺក្រុងកំពត ស្រុកទឹកឈូ និងស្រុកដងទង់ ដោយឡែកសម្រាប់ ស្រុកកំពង់ត្រាចមានផលប៉ះពាល់រហូតដល់ចំនួន១០ឃុំ ស្មើ៣៣ភូមិ មានគ្រួសាររងគ្រោះចំនួន១៤៧៣គ្រួសារ ស្មើនឹងផ្ទៃដី១០០៩,៣២ ហិកតា  ។  ហើយចំពោះការចែកស្រូវពូជជូនប្រជាកសិកររងគ្រោះនៅពេលនេះគឺមកពីឃុំចំនួន ១០ ដែលមានស្រូវពូជត្រូវយកមកចែកជូន មានចំនួន៥៦,៨០តោន សម្រាប់លើផ្ទៃដីចំនួន១០០៩ហិកតា និងមានប្រជាពលរដ្ឋមកទទួលចំនួន១៤៧៣គ្រួសារ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលលើកបញ្ជាក់ថា៖ បញ្ហា គ្រោះមហន្តរាយធម្មជាតិគឺយើងមិនអាចកំណត់ឲ្យជាក់លាក់បានមុនឡើយ តែបញ្ហាសំខាន់គឺរាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែមានការគិតគូរដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាគឺជារឿងសំខាន់។ ពិសេសការនាំយកស្រូវពូជមកចែកជូនប្រជាកសិករនាពេលនេះគឺជាកាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរនិងរាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីតែងតែបានយកចិត្តទុកដាក់ចំពោះ សុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

មិនតែប៉ុណ្ណោះសម្ដេចតេជោ តែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ឲ្យត្រៀមលក្ខណៈគ្រប់ពេលវេលាដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិផ្សេងៗ  ជាពិសេសរងគ្រោះដោយសារទឹកជំនន់មិនត្រូវទុកចោលដោយមិនបានដឹងនិងមិនបានជួយអ្វីសោះឡើយ។

 ឯកឧត្តម ជាវ តាយ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលបានទទួលស្រូវពូជពេលនេះត្រូវប្រញាប់យកទៅសាបព្រោះ ឡើងវិញឲ្យទាន់រដូវស្របតាមគោលដៅ នឹងឲ្យអស់លទ្ធភាពផ្ទៃដីមាន៕ដោយ៖ ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation