សម្តេចតេជោ ស្នើសុំឲ្យធនាគារពិភពលោក ចូលរួមជួយអភិវឌ្ឍន៍កម្ពុជា លើវិស័យធនធានមនុស្ស, កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ បានអនុញ្ញាតឲ្យលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ​លោកជំទាវ​ បានគោរពជម្រាបជូន សម្ដេចតេជោ ថាតាមរយៈពេលជាង៣ឆ្នាំ ជាមួយធនាគារពិភពលោក ​ត្រឡប់មកកម្ពុជាវិញ គឺបានសង្កេតឃើញថា កម្ពុជា​មានការរីកចម្រើន យ៉ាងឆាប់រហ័សជាទីបំផុត ជាមួយកំណើនសេដ្ឋកិច្ច គឺជាមធ្យមពី៧ទៅ៨ភាគរយ ហើយការកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារក នៅពេលកើត ក៏បានថយចុះ  ដែលនេះជាជោគជ័យ ជាទីចាប់អារម្មណ៍ ដែលក្នុងនេះ កម្ពុជាកំពុងតែបោះជំហាន លើផ្លូវមួយត្រឹមត្រូវ។ ក្នុងនាមធនាគារពិភពលោក លោកជំទាវ បានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យដែលកម្ពុជាទទួលបាន។   

  លោកជំទាវ បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើន ជាមួយនឹងសហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ ប្រជាជនដែលទទួលបាន ដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលហើយ គឺបានទទួលនៅធ្វើការដាំដុះ បានលទ្ធផលជាទីគាប់ចិត្ត ជាទីមោទនៈ ក្នុងន័យនេះ លោកជំទាវបានមានប្រសាសន៍ថា មិនត្រឹមតែដីសង្គមកិច្ចបានចែកជូនប្រជាជននោះ បានធ្វើការដាំដុះលើកស្ទួយ ជាមួយវិស័យកសិកម្ម ក៏ដូចជាជីវភាពរស់នៅប្រជាជនទេ គឺនៅក្នុងតំបន់នោះគឺមានសាលារៀនផង ក៏មានទាំងសុខភាពផង សម្រាប់ប្រជាជននៅទីនោះ។ ក្នុងន័យនេះដែរលោកជំទាវ ក៏បានដែរសូមលើកទឹកចិត្ត និងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា។ 

  លោកជំទាវក៏បាន លើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងដោយធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យដែលអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរ។ ក្នុងការជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេសលោកជំទាវបានមានប្រសាសន៍ថា បន្ទាប់ពីការវិលត្រឡប់ របស់ធនាគារពិភពលោក មកកម្ពុជានោះ ​ធនាគារពិភពលោកនិងប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អដែលគូដែលមានជំនឿជាក់ និងគ្នាទៅវិញទៅមក។

  ជាការឆ្លើយតប​សម្ដេចតេជោ បាន​ថ្លែងអំណរគុណ ចំពោះអ្វីដែលជាការលើកឡើងរបស់លោកជំទាវ ហើយក៏បាន​ជម្រាបជូនលោកជំទាវថា នៅកម្ពុជា​ ការផ្តល់ដីសម្បទានសង្គមកិច្ច ​គឺជានយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។​ រយៈពេល៧ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្បទានសេដ្ឋកិច្ចទៀតទេ ហើយក៏បានកាត់យកមកវិញ នូវដីសម្បទានសេដ្ឋកិច្ចណា ដែលមិនអនុវត្តតាមគោលការណ៍ និងបានធ្វើការដាំដុះ តាមផែនការមេ ឬក៏មិនមិនគោរពតាមច្បាប់ របស់រាជរដ្ឋាភិបាល។ ពីនោះទៀតដីទាំងនោះ ដីក៏បានបែងចែក ទៅដល់ប្រជាជនកម្ពុជា ដែលគ្មានដីប្រើប្រាស់ ដើម្បីមានដីប្រើប្រាស់សម្រាប់បង្កបង្កើនផល សម្រាប់ជីវភាពរបស់ប្រជាជន​ផងដែរ។ 

  ​សម្ដេចក៏បានលើកឡើងដែរថា ជាការសំខាន់ណាស់ ដែលដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះសម្តេច ក៏បានលើកទឹកចិត្ត ឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាជនកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ហើយដើម្បីជំរុញធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបាននៅការដាំដុះ អនុវត្តកសិកម្មល្អ នឹងទទួលផលបានល្អ ដើម្បីលើកស្ទួយ ជីវភាពគ្រួសារគាត់ផង និងដើម្បីលើកស្ទួយ ចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាផង។ សម្ដេចតេជោក៏បានលើកឡើងផងដែរថា កម្ពុជា​ក៏កំពុងតែត្រូវការធនធានមនុស្សផងដែរ។ ដូច្នេះសូមធនាគារពិភពលោក ពិនិត្យបន្តសហការ និងជួយដល់កម្ពុជា​ លើធនធានការអភិវឌ្ឍធនធានមនុស្ស។ 

  ជាមួយនេះដែរសម្ដេចក៏បានលើកឡើង ពីសារៈសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធផងដែរ សម្តេចបានមានប្រសាសន៍ថា កន្លងមក ​ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននេះ។ ក្នុងន័យនេះ សម្តេចបានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ​ហើយឥឡូវនេះ គឺមានគុណភាពល្អ សម្រាប់តំបន់​ដាច់ស្រយាល តំបន់ជនបទ។ ក្នុងន័យនេះ សម្តេចក៏បានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីការកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ​ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation