ឈ្វេងយល់ មាឃបូជា ទិវាកំណើតព្រះពុទ្ធសាសនា
| ព័ត៌មានជាតិ
SHARE

តើយើងទទួលបានប្រយោជន៍អ្វីខ្លះពីការប្រារព្ធពិធីបុណ្យមាឃបូជា?

ផែនការជីវិត១០ចំណុចដែលព្រះពុទ្ធជាអម្ចាស់សម្តែងឡើងមានអ្វីខ្លះ?


យើងមិនគួរមើលត្រឹមតែពិធីកម្មសាសនាតែមួយមុខនោះទេ យើងគួរមើលឲ្យហួសពីពិធីនេះបន្តិច ទើបយើងអាចរកឃើញ ខ្លឹមសារពិតនៅពីក្រោយនៃបុណ្យមាឃបូជា មកទល់នឹងថ្ងៃ១៥កើត ខែមាឃ ឆ្នំាច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ ឆ្នំា២០១៩ ព្រះពុទ្ធសាសនាបានកើតមានឡើងនៅលើផែនដីនេះមានរយៈពេល២៦០៧ឆ្នំាហើយ មុនគ្រិស្តសករាជ ៥៨៨ឆ្នំា រាប់ចាប់តំាងពីពេលដែលព្រះពុទ្ធអង្គបានប្រកាសនូវឱវាទបាតិមោក្ខកាលពីថ្ងៃ១៥កើតខែមាឃ ក្រោយព្រះអង្គ បានត្រាស់ដឹងចំនួន៩ខែគត់។ ពេលដ៏យូរនេះបានសបញ្ជាក់ឲ្យឃើញថា សច្ចភាព និងអត្តភាពរបស់ពុទ្ធសាសនា ពិតជាមានតម្លៃដ៏ខ្ពង់ខ្ពស់ដល់សង្គមជាតិ មនុស្សជាតិ សម្បើមណាស់ ។

កល្យាណមិត្តគួរសិក្សាឈ្វេងយល់បន្តទៀតថា តើព្រះពុទ្ធអង្គមានយុទ្ធសាស្ត្រយ៉ាងណាខ្លះ? ទើបបានជាស្ថាប័នមួយនេះអាចមានជីវិតរស់រវើករហូតមកទល់នឹងបច្ចុប្បន្ន ខណៈដែលមាននិន្នាការលើកឡើងថា ស្ថាប័នពុទ្ធសាសន៍មួយនេះ អាចនឹងកាន់តែរីកចម្រើនឡើងជាលំដាប់ រហូតដល់គម្រប់៥០០០ឆ្នំា ទៅតាមជំនឿ របស់បូរាណាចារ្យយើង។
ទោះបីជាបែបណាក៏ដោយចុះ សំខាន់ថា តើពុទ្ធបរិស័ទ មានការយល់ដឹង និងចូលរួមថែរក្សា ផ្សព្វផ្សាយ រួមទំាង ប្រតិបត្តិបាន ត្រឹមត្រូវកំរិតណា ហើយអាយុកាលនៃព្រះពុទ្ធសាសនាក៏ទៅតាមមនោះដែរ ព្រោះថា រុងរឿងក៏ដោយសារពុទ្ធបរិស័ទ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) ហើយអនថយទៅវិញក៏ដោយសារតែពុទ្ធបរិស័ទនេះដែរ។

ដោយមើលឃើញពីចំណុចសំខាន់របស់ព្រះពុទ្ធសាសនានេះហើយបានជាបុព្វការីជនខ្មែរយើងយកព្រះពុទ្ធសាសនាចារឹកទុកក្នុងច្បាប់កំពូលរបស់ជាតិមួយផ្នែក និងយកមកគោរពបូជា ប្រតិបត្តិតាម ថែរក្សាការពារជាហូរហែដរាបរៀងរាបដល់បច្ចុប្បន្នសម័យ។ ហេតុនេះ ក្នុងនាមយើងជាកូនជាចៅយើងមានកាតព្វកិច្ចដើម្បីប្រតិបត្តិ ការពារ ផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ និងគាប់ប្រសើរ ក្នុងការបន្តវេនដល់អនុជនជំនាន់ក្រោយបន្តទៀត។

បើយើងពិនិត្យមើលឲ្យស៊ីជម្រៅបន្តិចទៀត យើងនឹងឃើញនូវឱវាទានុសាសនីដ៏សំខាន់មួយនៅក្នុងថ្ងៃនេះដែរ ពោលគឺ ឱវាទបាតិមោក្ខ ដែលក្នុងន័យនិយាយអំពីការណែនំានូវកាតព្វកិច្ចដើម្បីឲ្យរួចចាកទុក្ខ និងបញ្ហាទំាងពួង។ ខ្លឹមសារស្នូលអស់ទាំងនេះហើយដែលពុទ្ធសាសនិកគប្បីធ្វើការសិក្សាឈ្វេងយល់ ដើម្បីបំឡែងមកជាការអនុវត្តជាក់ស្តែង ក្នុងជីវិតប្រចំាថ្ងៃរបស់ខ្លួនឲ្យបានត្រឹមត្រូវ។

សូមទាញចំណាប់អារម្មណ៍កល្យាណមិត្តបន្តិចជុំវិញពិធីរំលឹកដល់ថ្ងៃនេះ ត្រូវបានគេដាក់ឈ្មោះថា ពិធីបុណ្យមាឃបូជា ដែលមានន័យថា ពិធីគោរពបូជាដល់ថ្ងៃដែលព្រះពុទ្ធអង្គបរមគ្រូសម្តែងអំពីគោលការណ៍ពុទ្ធសាសន៍ទំាង១១ចំណុច និងជាការរំលឹកដល់ទិវាដែលព្រះពុទ្ធអង្គទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់តំាងមានឡើងក្នុងលោក និងជាថ្ងៃដែលព្រះអង្គកំណត់ពេលវេលានៃការចូលបរិនិព្វាន (មរណភាព)ឬក៏ជាការចូលនិវត្តរបស់ព្រះអង្គ បន្ទាប់ពីបាន បំពេញពុទ្ធកិច្ចដើម្បីប្រយោជន៍ដល់ជនច្រើនគ្នាអស់រយៈពេល៤៥ឆ្នំានោះរួចមក ។

គោលការណ៍ឬហៅថា ផែនការជីវិតទំាង១០ចំណុចនោះ គឺជាវិភាគទានដ៏មហាសាលដែលព្រះពុទ្ធជាអម្ចាស់ បានសម្តែងឡើង ដើម្បីជាប្រយោជន៍ដល់មនុស្សទូទៅដែលរស់នៅក្នុងសង្គមឲ្យមានសុខុដុមរមណីយកម្មមានដូចខាងក្រោម៖
១-ការមិនធ្វើអំពើអាក្រក់ទំាងពួងនៅក្នុងសង្គមមនុស្សផងគ្នា
២-ការបំពេញអំពើល្អឲ្យបរិបូណ៌
៣-ការធ្វើចិត្តឲ្យបានល្អផូរផង់
៤-ការអត់ធ្មត់គឺជាតបធម៌ដ៏ឧត្តម
៥-ព្រះនិព្វានជាគុណជាតិដ៏ឧត្តម
៦-ជាសមណៈ (អ្នកបួស) មិនត្រូវបៀតបៀនសត្វ ឬសម្លាប់សត្វឡើយ
៧-មិនគប្បីតិះដៀល និងបៀតបៀនអ្នកដទៃ
៨-គប្បីសង្រួមតែក្នុងបាតិមោក្ខ
៩-គប្បីដឹងប្រមាណក្នុងការបរិភោគ
១០-ចូលចិត្តទីដេក ទីអង្គុយដ៏ស្ងប់ស្ងាត់
១១-គប្បីព្យាយាមបំពេញអធិចិត្ត

គោលការណ៍ទំាង១១ចំណុចនេះ យើងអាចហៅម្យ៉ាងទៀតថា ជាផែនការជីវិតសម្រាប់ពុទ្ធសាសនិក ដែលរួមមានភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។ ហើយផែនការទំាង១១ចំណុចនេះសោតទៀត យើងអាចបែងចែកទៅ៣ផ្នែកធំៗ រួមមាន៖ ១-គោលបំណង សម្រាប់ជីវិត
២-ការរៀបចំវិធានការ ដើម្បីសម្រេចនូវគោលបំណងសម្រាប់ជីវិតប្រចំាថ្ងៃ
៣-ការរៀបចំខ្លួន ដើម្បីអនុវត្តនូវវិធានការនោះឲ្យបានសម្រេច។
សូមកល្យាណមិត្ត អនុមោទនានូវបុណ្យមាឃបូជាដោយបសាទចិត្តជ្រះថ្លាចុះ !
សង្ខេបចេញពីឯកសារ៖ ឈ្វេងយល់ មាឃបូជា ទិវាកំណើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តំាង
ដោយ៖ ធម្មបណ្ឌិត ហេង មណីចិន្តា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation