មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាដល់មន្រ្តីខ្លួនឲ្យជៀសឆ្ងាយពីទង្វើណាដែលនាំភាពក្តៅក្រហាយដល់មហាជន
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជា ក៏ដូចជាសំណូមពរដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ សូមជៀសឲ្យឆ្ងាយរាល់ទង្វើទាំងឡាយណាដែលធ្វើឲ្យប្រជាពលរដ្ឋតិះដាល រិះគន់ ឬក៏នាំភាពក្តៅក្រហាយដល់មហាជនទាំងមូល ។

ការដាក់បទបញ្ជាដូចនេះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា គឺបានធ្វើឡើងនៅក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថទាំងអស់ មិនត្រូវអនុវត្តន៍តួនាទីភារកិច្ចផ្ទុយពីច្បាប់ និងបទបញ្ជា ឬក៏ភ្លើតភ្លើន ដែលនាំឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការងារអនុវត្តន៍ច្បាប់របស់កម្លាំងកងរាជអាវុធហត្ថ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានស្នើដល់លោកឧត្តមសេនីយ៍ត្រី ថាវ យេន មេបញ្ជាការលងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបតែប្រកាសទទួលមុខតំណែង ឲ្យត្រូវខិតខំបំពេញភារកិច្ច ជាពិសេសយល់ដឹងឲ្យច្បាស់ក្នុងការគ្រប់គ្រង និងបញ្ជាកងកម្លាំង ដើម្បីពង្រឹងបន្ថែមជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីឆន្ទៈរបស់រាស្ត្រតាមរយៈនៃការបោះឆ្នោត។

ក្នុងឱកាសនោះផងដែរឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីក៏បានផ្ដាំផ្ញើ ដល់មេបញ្ជាការដែលទើបតែងតាំងថ្មីនាពេលនេះព្រមទាំងកងកម្លាំងអាវុធហត្ថទូទាំងខេត្តរតនគិរីត្រូវខិតខំបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវខិតខំថែរក្សាសុខសុវត្ថិភាពក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរបន្ថែមទៀត ។

ទន្ទឹមនឹងនេះដែរឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរដល់កងកម្លាំងទាំងបីប្រភេទនោះក្នុងខេត្តរតនគិរីដែលកន្លងមកបានខិតខំគោរពតាមគោលការណ៍របស់ថ្នាក់លើដាក់ឲ្យអនុវត្តបានយ៉ាងល្អប្រសើរផងដែរ​៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation