ព័ត៌មានជាតិ

កម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019 ផ្តល់ឱកាសឲ្យសិស្សវិទ្យាល័យកម្ពុជា ១២រូប បានទៅទស្សនកិច្ចនៅជប៉ុនពីថ្ងៃទី ១៣- ២១ កញ្ញា

image

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី កម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019 (កីឡាបាល់អោប)។

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន សិស្សវិទ្យាល័យ ១២រូប (ស្រី៦ ប្រុស៦) និងអ្នកដឹកនាំ ៣រូប (ស្រី២ និងប្រុស១) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន “JENESYS 2019”។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ទៀតថា កម្មវិធីនេះ នឹងរៀបចំឡើងក្រោមប្រធានបទ «កីឡាបាល់អោប» ដើម្បីចូលរួមអបអរសាទរ ដល់ការប្រកួតពានរង្វាន់កីឡាបាល់អោបពិភពលោកឆ្នាំ២០១៩ ដែលរៀបចំដោយជប៉ុន ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមការបញ្ជាក់របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺអ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ទាក់ទងនឹង កីឡាបាល់អោប ជាមួយសិស្សវិទ្យាល័យជប៉ុន និងអ្នកចូលរួមផ្សេងៗទៀត ដែលមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នៅក្នុងខេត្តស៊ីហ្សឹអុកា។

ថ្ងៃទី២០ ខែកញ្ញា ពួកគាត់នឹងទស្សនាការប្រកួតពានរង្វាន់កីឡាបាល់អោបពិភពលោកឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មានជូនភា្ជប់តារាងកម្មវិធីលម្អិត។

សូមជម្រាបថា កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២០០០នាក់ហើយតាំងពីឆ្នាំ២០០៧មក។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕