ពលរដ្ឋក្នុងស្រុកចំនួន២ នៃខេត្តកោះកុង រំពឹងថានឹងមានការអភិវឌ្ឍល្អប្រសើរជាងមុន ក្រោយពេលផ្លាស់ប្តូរអភិបាលស្រុកថ្មី
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ប្រជាពលរដ្ឋខេត្តកោះកុង តែងតែចងចាំទុកនិងដឹងគុណជានិច្ចចំពោះ រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ បានធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មី និងបានកំពុងធ្វើឱ្យអ្នកវិនិយោគជាតិនិងអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ឃើញស្នាដៃការអនុវត្តផ្ទាល់របស់អភិបាលស្រុកដែលទើបចូលកាន់តំណែងថ្មីក្នុងទឹកដីរបស់ខ្លួន ខណៈពេលកន្លងមកជួបផលលំបាកមួយចំនួននៅពុំទាន់បានដោះស្រាយ។

មានប្រសាសន៍ក្នុងថ្ងៃប្រកាសចូលកាន់តំណែង អភិបាលស្រុក ,អភិបាលស្រុករងក្នុងស្រុកចំនួន២ គឺស្រុកស្រែអំបិលនិងស្រុកបទុមសាគរ លោកជំទាវ មិថុនា ភូថង បានថ្លែងថា កម្ពុជាបច្ចុប្បន្ន គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុតនៅលើពិភពលោក ដែលរក្សាបាននូវកំណើនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឱ្យកម្ពុជាប្រែក្លាយពីប្រទេសដែលមានចំណូលទាបមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នំា២០១៥ និងត្រូវបានប្រសិទ្ធនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» នៅឆ្នំា២០១៦ ហើយកំពុងបោះជំហានយ៉ាងស្វាហាប់និងប្រកបដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកជំទាវ អភិបាលខេត្តបន្តលើកឡើងថា ខេត្តកោះកុង របស់យើង ក៏ដូចជាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសដែរ បាននិងកំពុងក្រេបជញ្ជក់ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសយើង ដែលជាលទ្ធផលផ្ទាល់នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយយោងទៅលើសក្តានុពលលើវិស័យសេដ្ឋកិច្ច របស់ស្រុកទាំង២ នាឱកាសនេះ លោកជំទាវ បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីជាច្រើនក្នុងការជំរុញឱ្យរដ្ឋបាលស្រុកទាំង២ អនុវត្តប្រែក្លាយភាពអសកម្មដែលសេសសល់មួយចំនួនពីមុនមក ទៅជាប៉ូលដ៏រឹងមាំនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ និងអេកូទេសចរណ៍ សំដៅទាក់ទាញវិនិយោគិនពីបរទេសនិងក្នុងប្រទេស ព្រមទាំងភ្ញៀវទេសចរពីគ្រប់ទិសទី ឱ្យមកកាន់តំបន់របស់ខ្លួន ដើម្បីចូលរួមជំរុញការអភិវឌ្ឍខេត្តនេះផង ក៏ដូចជាពន្លឿនកំណើនសេដ្ឋកិច្ចជាតិដោយចីរភាព ផងដែរ ដើម្បីជាការឆ្លើយតបតាមតម្រូវការ របស់ពលរដ្ឋ ។

ថ្លែងក្នុងពិធីប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាលស្រុកស្រែអំបិល ជំនួសលោក ទួន សីលា ដែលត្រៀមទទួលភារកិច្ចថ្មី នៅសាលាខេត្តកោះកុង និងហាក់ ឡេង ជាអភិបាលស្រុកបទុមសាគរ ជំនួសលោក ទូ សាវុធ ដែលបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្តកោះកុង និងតែងតាំង លោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបទុមសាគរលោកជំទាវអភិបាលខេត្តកោះកុង បានមានប្រសាសន៍ ផ្តាំផ្ញើដល់អភិបាលស្រុក,អភិបាលស្រុករងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបដ្ឋានគតិយុត្តនានា និងគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត៕ ដោយ៖ តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation