ក្រសួងមហាផ្ទៃនិងដៃគូពាក់ព័ន្ធ បន្តរួមគ្នាបង្ការទប់ស្កាត់និងប្រឆាំងការជួញដូរមនុស្ស ជាពិសេសកុមារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ជាមួយដៃគូពាក់ព័ន្ធកំពុងបន្តចុះអនុស្សរណៈដើម្បី រួមគ្នា ធ្វើសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅប្រទេសកម្ពុជា និងរួមគា្នបង្ការ ទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស ។

ថ្លែងក្នុងពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ ជាមួយអង្គការសកម្មភាពដើម្បីកុមារ(APLE CAMBODIA) ស្តីពី "ការចូលរួមចំណែកលើសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅប្រទេសកម្ពុជា" នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ មានការរីករាយក្នុងការបន្តធ្វើជាដៃគូជាមួយ អង្គការសកម្មភាពដើម្បីកុមារ ដើម្បីសហប្រតិបតិ្តការ ធ្វើសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅប្រទេសកម្ពុជា និងបង្ការ ទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស។

លោកជំទាវ ជូ ប៊ុនអេងលើកឡើងទៀតថា កន្លងមកនេះ ថ្នាក់ដឹកនាំ បុគ្គលិក អង្គការសកម្មភាពដើម្បីកុមារ បានខិតខំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដើម្បី រួមគ្នា បង្កើតយុទ្ធសាស្ត្រថ្មីៗ ធ្វើសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅប្រទេសកម្ពុជា និងបង្ការ ទប់ស្កាត់ប្រឆាំងការជួញដូរមនុស្សកាន់មានប្រសិទ្ធភាព ។

ក្រោយបន្ទាប់ពី ចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃជាមួយអង្គការសកម្មភាពដើម្បីកុមារ ដែលចុះហត្ថលេខាដោយលោកជំទាវ លោកជំទាវ ជូ ប៊ុនអេងជាមួយលោកលោកសំលៀង សិលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ(APLE CAMBODIA) រួចមក នាព្រឹកថ្ងៃដដែលនោះ លោកជំទាវ ជូ ប៊ុនអេង តំណាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានបន្តចុះអនុស្សរណៈ ជាមួយលោក James McCabe នាយកអង្គការ CCFទៀត ដើម្បីរួមគ្នា ធ្វើសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅប្រទេសកម្ពុជា និងរួមគា្នបង្ការទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស។

ក្នុងពិធីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា អង្គភាពការពារកុមារ នៃអង្គការ CCFនេះ បានចុះអនុស្សរណៈជាមួយក្រសួងមហាផ្ទៃចំនួន៣លើកមកហើយចាប់តាំងពីឆ្នាំ២០១៣ ដែលអង្គការនេះបានធ្វើការជាមួយគ្នាមកយ៉ាងល្អ និងបានបង្ហាញនូវស្នាដៃដែលជាលទ្ធផលនៃការសហការរវាងអង្គភាពការពារកុមារ នៃអង្គការ CCF និងក្រសួងមហាផ្ទៃ ដោយមានការស៊ីបអង្កេត បង្ក្រាប ក៏ដូចជាកិច្ចការពារជនរងគ្រោះនៅក្នុងដំណើរការនៃការរកយុត្តិធម៌ជូនកុមាររងគ្រោះឲ្យបានល្អប្រសើរ។

លោកជំទាវបន្តថា ក្រសួងមហាផ្ទៃក៏បានទទួលរបាយការណ៍ជាបន្តបន្ទាប់ បញ្ជាក់អំពីកិច្ចសហការយ៉ាងល្អជាមួយនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក៏ដូចជានាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ក្រសួងមហាផ្ទៃថា អង្គការមនុស្សធម៌និងដៃគូទាំងអស់បានធ្វើការងារដោយមានការគោរពគ្នាទៅវិញទៅមក ហើយរហូតមកដល់ពេលនេះ អង្គភាពការពារកុមារ នៃអង្គការ CCF បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់នាយកដ្ឋានព្រហ្ម ទណ្ឌ ក៏ដូចជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស លើនីតិវិធីស៊ើបអង្កេត ដើម្បីសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅប្រទេសកម្ពុជា និងបង្ការ ទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស៕
ដោយ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation