ក្រសួងមហាផ្ទៃផ្តល់ទិដ្ឋាការចូលប្រទេសជូនជនបរទេសជិត៣លាននាក់ក្នុងឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបង្ហាញឲ្យដឹងថា ទាក់ទងការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត នៅក្នុងឆ្នាំ២០១៨ ក្រសួងបានផ្តល់ទិដ្ឋាការចូលប្រទេសជូនជនបរទេសចំនួន ២.៧៨២.២៩៧នាក់ ,ទិដ្ឋាការចេញចំនួន ៥ ៨១៥នាក់ និងទិដ្ឋាការបន្តរយៈពេលស្នាក់នៅចំនួន ៤៥៣.៤៦៦នាក់។

ចំពោះអ្នកស្នាក់នៅហួសរយៈកំណត់ បានធ្វើការផាកពិន័យបង់ថវិកាចូលរដ្ឋ ៨៧.៧៥០ដុល្លារ។នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

របាយការណ៍របស់ក្រសួងមហាផ្ទៃបានបន្តថា ទាក់ទងការស៊ើបអង្កេត និងបណ្តេញចេញៈ ដើម្បីទប់ស្កាត់និងកាត់បន្ថយជាអតិបរមានូវជនបរទេសខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងបានផ្តោការយកចិត្តទុកដាក់ខ្ពស់លើការងារស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនបរទេសដែលជ្រៀតចូលមកស្នាក់នៅខុសច្បាប់ ស្នាក់នៅលើសរយៈពេលកំណត់ និងជនបរទេសមានពាក់ព័ន្ធនិងបទល្មើសផ្សេងៗ … ដែលក្នុងរយៈពេលមួយឆ្នាំនេះ (២០១៨) បានរកឃើញនិងឃាត់ខ្លួនជនបរទេសល្មើសច្បាប់ចំនួន ១.៣៤៨នាក់ មាន៥២សញ្ជាតិ និងបានរៀបចំនីតិវិធីបណ្តេញចេញពីកម្ពុជា។ គិតចាប់ពីឆ្នាំ២០១៤ មកដល់ពេលនេះ ក្រសួងបានបណ្តេញជនបរទេសល្មើសច្បាប់ចំនួន ១៥.២៥៤នាក់ មាន៩១សញ្ជាតិ។

ក្រសួងមហាផ្ទៃ បានបង្ហាញទៀតថា បច្ចុប្បន្នជនបរទេសដែលមានឋានៈជាជនភៀសខ្លួន ចំនួន៦១នាក់ ស្រី១៣នាក់ មាន០៨សញ្ជាតិ អ្នកសុំសិទ្ធិជ្រកកោននៅសល់ចំនួន០៨នាក់ ស្រី០២នាក់ មាន៦សញ្ជាតិ និងជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាំ ដែលមិនទទួលបានឋានៈជាជនភៀសខ្លួនកំពុងរស់នៅកម្ពុជាចំនួន៣២នាក់ ស្រី២១នាក់។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ក្រសួងបានអនុវត្តនីតិវិធីលើករណីស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជាចំនួន១៤នាក់ ស្រី៥នាក់ មាន៥សញ្ជាតិ។

គិតចាប់ពីឆ្នាំ២០០៨ មកទល់ពេលនេះ ក្រសួងបានអនុវត្តនីតិវិធីលើករណីស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា មានដូចជា បិទករណីចំនួន ១៩៣នាក់ ស្រី៦៤នាក់ មាន១៨សញ្ជាតិ កំពុងដំណើរការនីតិវិធីចំនួន១៦នាក់ ស្រី៥នាក់ មាន៧សញ្ជាតិ និងផ្តល់ឋានៈជាជនភៀសខ្លួន៤៤នាក់ ស្រី១៣នាក់ មាន៦សញ្ជាតិ៕អត្ថបទ៖ មួង សុវណ្ណារិទ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation