សាខាកាកបាទក្រហមខេត្តកំពតនាំអំណោយមនុស្សធ៌មផ្ដល់ជូនពលរដ្ឋងាយរងគ្រោះមកពីស្រុកទឹកឈូនិងក្រុងកំពត ២៦៣គ្រួសារ
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៩ ឯកឧត្ដម ជាវ តាយ ប្រធាន​គណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពត និង សហការី បាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន​២៦៣គ្រួសារ ដែលមកពីបណ្ដាសង្កាត់និងឃុំ​មួយចំនួន នៃក្រុងកំពតនិងស្រុកទឹកឈូ​ខេត្តកំពត​ ដែលពិធីនេះត្រូវបានធ្វើឡើង នៅវត្តត្រើយកោះក្នុងសង្កាត់ត្រើយកោះក្រុងកំពតខេត្តកំពត។​

មានប្រសាសន៍​សំណេះសំណាលឯកឧត្តម ជាវ តាយ​ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនចាស់ជរា ជនងាយរងគ្រោះនិង ជនរងគ្រោះដោយរងគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។​

ឯកឧត្ដម​ ជាវ​ តាយ ក៏បានបន្តលើកឡើងថា កាកបាទក្រហមកម្ពុជាក្នុងនាមជាស្ថាប័នជំនួយការអោយអាជ្ញាធរសាធារណៈគឺតែងតែបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តក្នុងសកម្មភាពមនុស្សធម៌ពោលគឺទីណាប្រជាជនមានទុកលំបាកទីនោះតែងតែមានកាកបាទក្រហមជួយដោះស្រាយជានិច្ច ដោយមិនបានទុកចោលអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អោយអត់ស្បៀងអាហារឡើយ។​

ឯកឧត្ដម​ ជាវ តាយ​ ក៏បានលើកបញ្ជាក់ថា បើទោះបី អំណោយសម្ភារៈ ស្បៀងអាហារទាំងនេះមិនឆ្លើយតបគ្រប់គ្រាន់តម្រូវការបងប្អូនប្រជាពលរដ្ឋនាពេលនេះពិតមែន ប៉ុន្តែ​អំណោយទាំងនេះគឺជាការជួយសំរាលដោះទុក្ខលំបាកខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ។

ឯកឧត្ដម ជាវ តាយ​ ក៏បានសំណូមពរផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ ត្រូវតែខិតខំយកចិតទុកដាក់បន្តនូវការប្រកបមុខរបរពិសេសការដាំដំណាំចិញ្ចឹមសត្វរួមផ្សំផ្សេងៗដើម្បីបានមកផ្គត់ផ្គង់ទ្រទ្រង់បង្កើនជីវភាពគ្រួសារអោយបានកាន់តែល្អប្រសើរឡើង និងក៏ត្រូវតែយកចិត្តទុកដាក់ផងដែរគឺត្រវតែមានការរស់នៅប្រកបដោយអនាម័យល្អហូបស្អាតផឹកស្អាតហើយត្រូវតែដេកក្នុងមុងជានិច្ច ដើម្បីបង្ការនូវជម្ងឺផ្សេងៗ។​

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋទាំង២៦៣គ្រួសារនាឱកាសនោះរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ស្ករសរ១គីឡូក្រាម  ក្រមា១ សារុង១ មុង១ ភួយ១កៅស៊ូតង់១ដុំ និង ថវិកាមួយចំនួនផងដែរ។​

តមកជាមួយ​ឱកាសនោះ​ដែរ​ ឯកឧត្ដម ជាវ តាយ​ រួមនឹងសហការីក៏បានអញ្ជើញចូលរួមពិធីទទួលនូវអំណោយទេយ្យទានដ៏សប្បុរសធម៌ពីព្រះសង្ឃតាមបណ្ដាវត្តនានាក្នុងក្រុងកំពតតាមរយៈការគៀរគរបស់ព្រះតេជគុណស៉ឹម ពនព្រះអនុគណក្រុងកំពតនិងជាចៅអធិការវត្តត្រើយកោះដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជាមួយសា​ខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពត​។ 

មានសង្ឃដិកា​នាឱកាសនោះ ព្រះតេជគុណ ស៉ឹម ពន​ បានមានសង្ឃដិកាបញ្ជាក់ថា អំណោយដែលប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្្តកំពតពេលនេះគឺបានមកពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានប្រគេនព្រះសង្ឃហើយដើម្បីរួមចំណែកដល់ការងារមនុស្សធម៌អោយបានកាន់តែប្រសើរឡើងថែមទៀតនោះទើបនៅពេលនេះគឺព្រះសង្ឃបានធ្វើការចែករំលែកបែងចែកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត​សម្រាប់យកទៅបម្រើអោយសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋខ្វះខាតក្នុងខេត្តផងដែរ។

ឯកឧត្តម ជាវ តាយ ក្នុងនាមកាកបាទក្រហមកម្ពុជា បានកោតសរសើ​រថ្លែងអំណរគុណ​ចំពោះ​ទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធរបស់ព្រះសង្ឃ ពិសេសព្រះ​តេជគុណ​ស៉ឹម ពន​ព្រះ​អនុគណ​ក្រុងកំពត ដែលតែងតែបានរួមចំណែកជាមួយសកម្មភាពកាកបាទក្រហមកម្ពុជាខេត្តដើម្បីជួយដល់ជនរងគ្រោះនិងងាយរងគ្រោះក្នុងខេត្តកន្លងមក។​

ទេយ្យទាន ដែលបានប្រគល់ជូនសាខាកាកបាទក្រហមខេត្តនាពេលនោះ​រួមមានអង្ករ ២៥បាវស្មើ១២៥០គីឡូ មី៤០កេស ទឹកត្រី ទឹកស៉ីអ៉ីវ​៤០យួរ ស្ករស៥០គីឡូ ទឹកដោះគោខាប់៥០កំប៉ុង ទឹកក្រូច ៥០កេស និងថវិកា​២លានរៀល៕ ដោយ៖ ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation