សម្តេចតេជោ ជំរុញឲ្យឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ខិតខំពូនជ្រុំទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ កម្ពុជា-មីយ៉ាន់ម៉ា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) : នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ធីត លីនអន (Thit Linn Ohn) ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។

តាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះសម្ដេចតេជោ បានថ្លែងអបអរសាទរ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម នៅក្នុងអាណត្តិនេះនឹងត្រូវជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងប្រទេសទាំងពីរ។

ឯកឧត្តមទូត បានសម្តែងការអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យ ឯកឧត្តមក្រោយជួបសំដែងការគួរសម។ ឯកឧត្តម បានបង្ហាញការរីករាយដែលបាន មកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយប្ដេជ្ញាថា នឹងពូនជ្រុំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ ឲ្យកាន់តែរីកចម្រើន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថាទំនាក់ទំនងរវាងប្រទេសទាំងពីរ មានជាយូរឆ្នាំណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះ យើងដល់ខួប៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយយើងក៏តែងតែពិភាក្សារគ្នា តើត្រូវធ្វើសកម្មភាពអ្វីខ្លះដើម្បីប្រារព្ធខួបទំនាក់ទំនងការទូត ប្រទេសទាំងពីរនៅឆ្នាំក្រោយ។ ជាមួយគ្នាដែរយើងត្រូវពិនិត្យមើលលើកិច្ចព្រមព្រៀងជាមួយគ្នាអ្វីខ្លះ ដែលអាចនឹងចុះហត្ថលេខាដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការ នូវគ្រប់វិស័យថែមទៀត និងអនុសារណៈមួយចំនួន ដែលមានរួចហើយប និងអនុស្សារណៈថ្មីណាបន្ថែមទៀត ដែលអាចបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគ សេដ្ឋកិច្ច និង ទេសចរណ៍ ដែលជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ បានកត់សម្គាល់ថា ទំហំពាណិជ្ជរវាងប្រទេសទាំងពីរ នៅមានកម្រិតតិចតួចនៅឡើយ ពោលគឺក្នុងមួយឆ្នាំ ប្រមាណ១០លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាមិនសាកសម និងសក្តានុពល ដែលប្រទេសទាំងពីរមាននោះទេ។ ក្នុងន័យនេះ សម្តេចបានជំរុញ ឲ្យមានការបង្កើនបន្ថែមទៀត នូវវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ សម្តេចបានកត់សម្គាល់ឃើញថា កន្លងមកប្រទេសសមាជិកអាស៊ាន មិនសូវមើលឃើញពីទីផ្សារក្នុងតំបន់នោះទេ តែយកចិត្តទុកដាក់ពីទីផ្សារនៅខាងក្រៅ ដែលនេះធ្វើឲ្យទំហំពាណិជ្ជកម្មនៅតូច ដោយយើងត្រូវមើលពី ប្រទេសក្នុងតំបន់អាស៊ានរបស់យើង ដើម្បីបង្កើតទីផ្សារឲ្យកាន់តែទូលំទូលាយ។ ហើយយើងត្រូវមើលពីកិច្ចព្រមព្រៀងខ្លះ ដែលជួយឲ្យទំហំពាណិជ្ជកម្មរីកចម្រើន ដូចជាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា ហើយនិងកិច្ចព្រមព្រៀងគាំពារវិនិយោគ ទាំងអស់នេះ គឺជួយឲ្យអ្នកវិនិយោគ អាចរកស៊ីជាមួយគ្នា ដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្ម កាន់តែកើនឡើង។

ឯកឧត្តមទូត បានប្តេជ្ញាខិតខំយកចិត្តទុកដាក់ និងកិច្ចសហការនានាបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការហោះហើរត្រង់រវាងមីយ៉ាន់ម៉ា និងកម្ពុជា។

គួរជម្រាបថា កន្លងមក កម្ពុជា បានបញ្ជូននិស្សិត ជាពិសេសព្រះសង្ឃ ទៅសិក្សានៅប្រទេសមីយ៉ាន់ម៉ា ហើយក្នុងដំណើរទស្សនកិច្ច របស់លោកជំទាវ អ៊ុងសាន ស៊ូជី កម្ពុជា បានផ្តល់អាហារូបករណ៍ចំនួន១០ ដល់មីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរនិស្សិតទៅវិញទៅមក៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation