ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ក្នុងសង្កាត់ទួលល្វានិងសង្កាត់ប៉ៃលិន  ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍

image

ប៉ៃលិន ៖ ដោយមានសំណូមពរ ក៏ដូចជាការឆ្លើយតបទៅនិងតម្រូវការចាំបាច់ផ្ទាល់ប្រចាំថ្ងៃ ជាពិសេសបណ្តាញផ្លូវគមនាគមន៍ដែលជាចរន្តសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋនោះ   រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំដោយឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមជាមួយមន្ត្រីតាមមន្ទីរជំនាញជុំវិញខេត្តប៉ៃលិន បានសម្រេចធ្វើការស្ថាបនាផ្លូវបេតុង១ខ្សែ  ស្ថិតក្នុងសង្កាត់ទួលល្វានិងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ ទាំងការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត និងការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារបានទាន់ពេលវេលា ។

ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថា  ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញបាននូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលា ។ 

ឯកឧត្តមអភិបាលខេត្តប៉ៃលិនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ  ជាពិសេសការកសាងប្រព័ន្ធហេដ្ឋារចនា សម័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើមមានការរីចម្រើនជាបន្តបន្ទាប់ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការនិងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែងផងដែរ  ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ១ខ្សែរនេះ បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានសម្រេចយ៉ាងឆាប់រហ័ស ក្នុងការស្ថាបនាផ្លូវនេះ។

សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនានាពេលនេះ គឺមានសំណង់លូមូលអង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៧ម៉ែត្រចំនួន១កន្លែង ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត ហើយការស្ថាបនាផ្លូវនេះត្រូវបានធ្វើឡើងឲ្យស្របតាមបទដ្ឋានបច្ចេកទេសនិងឆាប់រួចរាល់ជាស្ថាពរ ដើម្បីដាក់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕ ដោយ៖ឡាច សុគន្ធារី